ខេត្តកណ្តាល ៖ ប្តីប្រពន្ធ២នាក់ ខណៈកំពុងបើកម៉ូតូឌុបគ្នា ធ្វើដំណើរមិនចាប់អារម្មណ៍ ស្រាប់តែមានរថយន្តបែនដឹកដី១គ្រឿង បើកមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសជាប្តីស្លាប់ភ្លាមៗគួរឲ្យសង្វេគ រីឯស្ត្រីជាប្រពន្ធរងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើត កាលពីវេលាម៉ោង២០ និង២៥នាទី នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោល គីឡូម៉ែត្រលេខ៣០-៣១ ក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ។
ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នេះ មានឈ្មោះនួន សម្បត្តិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិចំការរដ្ឋ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R-2754 ឌុបប្រពន្ធឈ្មោះ ឯម ស្រី អាយុ៣០ឆ្នាំ របួសស្រាល។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២ បើកម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុ មិនចាប់អារម្មណ៍ ស្រាប់តែរថយន្ដបែនដឹកដី១គ្រឿង ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-3162 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានបុកម៉ូតូពីក្រោយ បណ្តាលឲ្យជនរងគ្រោះជាប្តីស្លាប់នៅកន្លែងកើតហេតុ ចំណែក នារីជាប្រពន្ធរងរបួស។ ដោយឡែក អ្នកបើកបររថយន្តបង្កយល់សភាពមិនស្រួលបានចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះដល់ទីកន្លែងធ្វើការវាស់វែង និងកំណត់ហេតុយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអង្គឈ្នួល ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយសាច់ញាតិជនរងគ្រោះតាមផ្លូវច្បាប់នៅពេលក្រោយ។ ចំណែក សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកអាល័យជាពន់ពេក៕