ខេត្តកំពង់ឆ្នាំង ៖ ម៉ូតូ២គ្រឿងបានបើកបរបោះពួយយ៉ាងលឿន ហើយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលបុកគ្នាយ៉ាងពេញទំហឹង ហើយមនុស្សបោកជាមួយថ្នល់ បណ្តាលឲ្យស្លាប់ចំនួន៤នាក់ និងម្នាក់ទៀតរងរបួស ដេកដួលក្នុងថ្លុកឈាមឲ្យរដូករណែល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង២៣ និង៣០នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥១-៥២ ភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ។


សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងម៉ូតូម៉ាក ZOOMER ពណ៌ស គ្មានពាក់ស្លាកលេខ អ្នកបើកបរឈ្មោះយូ មករា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរ ទី១-ឈ្មោះសូ ស្រីពៅ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងទី២-ឈ្មោះសូ ម៉ានាត ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានបុកជាមួយម៉ូតូម៉ាក និច ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-4715 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអ្នករួមដំណើរ មិនស្គាល់ឈ្មោះដូចគ្នា។


ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២ភាគីបានបើកម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា និងល្បឿនលឿនដូចគ្នា លុះមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្ន ក៏បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្ស៤នាក់ និងរងរបួសស្រីម្នាក់ ដេកដួលនៅកន្លែងកើតហេតុឲ្យរដូករណែល។
ក្រោយកើតសមត្ថកិច្ចចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ ។ ចំណែក សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅលំនៅឋាន រៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕