ខេត្តស្វាយរៀង៖ បុរសម្នាក់ស្លាប់នៅនឹងកន្លែង ២នាក់ទៀតរងរបួសធ្ងន់ ដោយសារទំនងស្រវឹងស្រា ជិះម៉ូតូរេចង្កូតដួលបោក និងថ្នល់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ចេញមកចោមរោមមើល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។


សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា បុរសដែលស្លាប់់មានឈ្មោះមាស សារ៉ាត់ អាយុ៣០ឆ្នាំ មុខរបរបើករថយន្ត រស់នៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
ចំណែកអ្នករងរបួសធ្ងន់ ឈ្មោះ មាស សារុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរធ្វើស្រែ និងម្នាក់ទៀត ឈ្មោះ សោម សុផាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសំណង់ ។ អ្នកទាំង៣រស់ក្នុងភូមិ សង្កាត់ ជាមួយគ្នា ។


សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស៣នាក់ទំនងស្រវឹងស្រា បានជិះម៉ូតូមួយគ្រឿងម៉ាក C១២៥ ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង ១A ៣៣២១ នៅលើផ្លូវជាតិលេខ១៣ ក្នុងទិសដៅពីត្បួងមកជើង ស្រាប់តែរេចង្កូតដួលបោកនឹងថ្នល់បែកក្បាលហូរឈាមបង្កការភ្ញាក់ផ្អើលតែម្ដង ។


សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងដោយសារអ្នកទាំងបីសេពគ្រឿងស្រវឹង។
ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ចំណែកអ្នកស្លាប់់ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕