ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានភាពទឹកទន្លេមេគង្គបានជន់លិចផ្លូវបេតុង និងភូមិឋានប្រជាពលរដ្ឋ នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយទឹកទន្លេមេគង្គបានជន់លិចផ្លូវបេតុងមានប្រវែងប្រមាណជាង ២គីឡូម៉ែត្រ ជម្រៅពី០,៥ម៉ែត្រ ទៅ០,៨ម៉ែត្រ មិនអាចធ្វើចរាចរណ៍ឆ្លងកាត់ពីស្រុកត្បូងឃ្មុំ ទៅស្រុកក្រូចឆ្មារ បានទេ។

ចំណែក ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៦ភូមិនៅក្នុងឃុំទន្លេបិទ ឃុំជីរោទិ៍ទី១ និងឃុំបឹងព្រួល ប្រមាណជាពី ៣០% ទៅ៦០% តាមភូមិនីមួយៗ ត្រូវលិចទឹក តែយ៉ាងមិនទាន់មានរបាយការណ៍ណាមួយថាមានមនុស្សបាត់បង់ជីវិតទេ។


ក្នុងស្ថានភាពទឹកបែបនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេស ចំពោះក្មេងតូចៗចៀសវាងមានគ្រោះថ្នាក់ ដោយប្រការណាមួយ៕