ខេត្តកំពងធំ៖ កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ តែប៉ុន្មានម៉ោងប៉ណ្ណោះ ជនសង្ស័យមិនស្គាល់មុខដែលបានធ្វើសកម្មភាពឡើងកាប់សម្លាប់ស្រ្តីមេម៉ាយអ្នកលក់នំបញ្ចុកដល់លើផ្ទះ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមនោះ សមត្ថកិច្ចចាប់ខ្លួនបានហើយនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ។


ជនសង្ស័យឈ្មោះ ម៉ុល វុទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាកូនប្រសារបស់ស្រ្តីរងគ្រោះ រស់នៅភូមិត្រពាំងជ្រៃ ឃុំបល្លង្គ័ ស្រុកបារាយណ៍។ រីឯស្ត្រីជាម្តាយក្មេកស្លាប់ ឈ្មោះដួល ឃាង អាយុ៥១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។


ប្រភពពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នៅល្ងាចថ្ងៃទី០៣ ខែកញ្ញាម្សោលមិញនេះ ក្រោយពីហូបបាយរួច ស្ត្រីរងគ្រោះបាននាំចៅៗពីរនាក់ដេកនៅលើផ្ទះតាមធម្មតារបស់គាត់ ។ លុះព្រឹកឡើងថ្ងៃទី០៤ ខែកញ្ញាម៉ោងប្រហែល៥ភ្លឺ លោកអនុប្រធានភូមិ ដែលនៅក្បែរនោះបានឮសម្លេងចៅៗយំលាន់ទ្រហឹង នៅលើផ្ទះ ធ្វើឲ្យលោកមានចម្ងល់ ហើយក៏ដើរទៅអើតមើល ក៏ប្រទះឃើញជនរងគ្រោះ ដេកស្លាប់នៅលើផ្ទះប្រឡាក់សុទ្ធតែឈាម ក៏រាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ម៉ុល វុទ្ធ ជាកូនប្រសាប្រុស ខឹងម្តាយក្មេកមិនបានជួយសម្របសម្រួលរូបគេនិងប្រពន្ធឈ្លោះគ្នា ឲ្យត្រូវរ៉ូវគ្នាវិញ បណ្ដាលឲ្យប្រពន្ធខឹងក៏បានទៅធ្វើការនៅប្រទេសថៃ បាត់ ដែលជាហេតុធ្វើឲ្យរូបគេចងកំហឹងគំនុំមានបំណងសម្លាប់ម្ដាយក្មេកតែម្តង ។ លុះយប់ឡើង នៅវេលាប្រហែលម៉ោង២និង៣០នាទីរំលងអធ្រាត្រ ក៏ទាញពូថៅលួចឡើងទៅលើផ្ទះកាប់ជាច្រើនពូថៅស្លាប់តែម្តង លុះដល់ព្រឹកថ្ងៃទី០៤ កញ្ញា នេះ ក៏មានការភ្ញាក់ផ្អើលឆោឡោក្នុងភូមិតែម្តង ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យរួច បញ្ជាក់ថា ករណីយនេះពិតជាអំពើឃាតកម្មប្រាកដមែន និងបានធ្វើការស្រាវជ្រាវចាប់បានឃាតករព្រៃផ្សៃជាកូនប្រសាឡើងកាប់សម្លាប់ម្ដាយក្មេកមេម៉ាយអ្នកលក់នំបញ្ចុកដល់លើផ្ទះនោះ ភ្លាមៗតែម្ដង៕