ខេត្តព្រះវិហារ៖ កាលពីវេលាម៉ោងប្រមាណ៧ និង១០នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ បុរសម្នាក់បានបើកម៉ូតូឌុបប្រពន្ធនិងកូនប្រុស ត្រង់ចំណុចទឹកធ្លាក់តេជោបុស្បូវ ស្ថិតក្នុងភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ស្រាប់តែដួលម៉ូតូ ហើយត្រូវកម្លាំងទឹកកួចកូនប្រុសយកទៅបាត់ ខណៈដែលស្ត្រីជាម្តាយបោកជាមួយថ្មសន្លប់បាត់បង់ស្មារតី។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ឪពុកជិះម៉ូតូឌុបម្តាយឱបកូនតូចមា្នក់អាយុ៣ឆ្នាំ ភេទប្រុស មកដល់កន្លែងកើតហេតុខាងលើ កម្លាំងទឹកបានបោកម៉ូតូដួលទាំងឪពុកម្តាយ និងកូន ខណ:ពេលដែលដួលនោះស្រី្តម្ដាយបានស្រវាឱបកូន តែកម្លាំងទឹកហូរយ៉ាងគំហុក បានបណ្ដាលឲ្យម្តាយដួលបោកខ្ទប់ទៅនឹងដុំថ្មសន្លប់លែងដឹងខ្លួន។


ចំណែក កូនប្រុសត្រូវកម្លាំងទឹកកួចយកទៅបាត់ រហូតមកទល់ពេលនេះនៅមិនទាន់ស្វែងរក ឃើញនៅឡើយនោះទេ។ តែយ៉ាងណា សមត្ថកិច្ចនៅតែបន្តតាមស្វែងរកក្មេងប្រុសខាងលើ តែមានសង្ឃឹមនៅរស់តិចណាស់៕