ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ប្រទេសសៀម បានដណ្ដើមយកខេត្ត បាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង របស់ខ្មែរតាំងពីឆ្នាំ១៧៩៤ ម្ល៉េះ។ ក្រោយពេលបារាំងចូលមក ធ្វើជាអាណាព្យាបាល ប្រទេសកម្ពុជា នៅឆ្នាំ១៨៦៣មក នៅឆ្នាំ១៩០៤ បារាំងបានចុះសន្ធិសញ្ញាជាមួយសៀម ឲ្យប្រគល់ខេត្តទាំង៤នោះមកឲ្យខ្មែរវិញ។

ក្លោងទ្វារកំពែងការពាររបស់លោកម្ចាស់ កាថាថន ឈុំ ចៅហ្វាយខេត្តបាត់ដំបង របស់ថៃ

ប៉ុន្តែ ថៃប្រគល់តែខេត្តស្ទឹងត្រែងមួយប៉ុណ្ណោះមកឲ្យខ្មែរវិញ ពេលនោះព្រះមហាក្សត្រស៊ីសុវត្ថិ ទើបនឹងឡើងគ្រងរាជសម្បត្តិថ្មីៗ (ថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩០៤) ព្រះអង្គ មិនត្រឹមតែទាមទារឲ្យសៀម ប្រគល់ខេត្តបាត់ដំបង សៀមរាប កំពង់ធំ តាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៤ នោះប៉ុណ្ណោះ ទេ គឺព្រះអង្គបានទាមទាខេត្តគោកខ័ន ព្រៃស ស្ទឹងពោធិ៍ សុរិន្ទ សង្គាច នាងរោង នគររាជ (កូរ៉ាត) ដែលសៀមដណ្តើមទៅជាយូរមកហើយនោះថែមទៀតផង ហើយព្រះអង្គមិនទទួលស្គាល់ភ្នំដងរែក ថាជាព្រំប្រទល់រវាងខ្មែរ និងសៀមទៀតទេ។

កំពែងការពារវិមានរបស់លោកម្ចាស់ កាថាថន ឈុំ ចៅហ្វាយខេត្តបាត់ដំបង របស់ថៃ

រហូតដល់ឆ្នាំ ១៩០៧ ទើបសៀមចុះសន្ធិសញ្ញាមួយទៀតជាមួយបារាំង យល់ព្រមប្រគល់ខេត្តបាត់ដំបង កំពង់ធំ សៀមរាប និងស្ទឹងត្រែង មកឲ្យខ្មែរវិញ។ តែខេត្តផ្សេងៗទៀត នៅតែជារបស់សៀម ដដែល។កាលពីសម័យ សៀម កំពុងគ្រប់គ្រងខេត្តទាំង៤នេះ សៀមបានតែងតាំងអាណិកជនចិនម្នាក់ឈ្មោះកៅ ឲ្យធ្វើជាចៅហ្វាយស្រុកសំរោង(ខេត្តឧត្តរមានជ័យ) ។ កៅ មានកូនប្រុសម្នាក់ឈ្មោះលាត បានបើកកសិដ្ឋានចិញ្ចឺមគោក្របីមូយយ៉ាងធំ ហើយលាត បានរៀបការជាមួយស្រ្តីក្រមុំជនជាតិគួយម្នាក់ ឈ្មោះធឿប នៅភាគខាងជើងខេត្តកំពង់ធំ។


នៅឆ្នាំ១៩០០ លាត និងធឿប បង្កើតបានកូនស្រីម្នាក់ឈ្មោះកែវ មួន ហើយមួន បានធំដឹងក្តីនៅក្នុងកសិដ្ឋានចញ្ចឹមគោក្របី នោះ ដោយមិនបានសិក្សារៀនសូត្រអ្វីក្រៅពីជួយឃ្វាលគោក្របី ម្តាយឪពុកនោះឡើយ។ ក្រោយមក លាត និងធឿប មានកូនប្រុសចិញ្ចឹមជាជនជាតិចិន ម្នាក់ទៀត និងបានដាក់ឈ្មោះឲ្យថា កៅ តក់ ។ ពេលធំពេញវ័យ កៅ តក់ បានរៀបការជាមូយក្រមុំខ្មែរកាត់ចិនម្នាក់នៅខេត្តសុរិន្ទ ប្រទេសសៀម ហើយកៅ តក់ ក៏បានចូលសញ្ជាតិសៀមដែរ។ លុះមកដល់ដើមសតវត្សរ៍ឆ្នាំ១៩៣០ កៅ តក់ បានក្លាយជាអ្នកជំនួញធំម្នាក់ រកស៊ីជាមួយពួកឈ្មួញសៀម។

មន្រ្តីជាន់ខ្ពស់បារាំង និង អ្នកបើកបររថយន្ត នៅក្នុងក្រុងភ្នំពេញ សម័យអាណានិគមបារាំង


ដើមទសវត្សរ៍ឆ្នាំ ១៩៣០ ប្រជារាស្ត្រខ្មែររងទុក្ខលំបាកវេទនាជាទីបំផុត។ ផលិតផលផ្សេងៗរបស់ខ្មែរនៅលើទីផ្សារអន្តរជាតិត្រូវចុះថោក ខណៈដែលពន្ធអាករផ្សេងៗ បារាំងនៅតែទារស្មើមុនដដែល ហើយការបង្ខំឲ្យបង់ពន្ធនេះគឺច្រើនជាងនៅប្រទេសវៀតណាម និងឡាវ ទៀតផង។ ប្រជារាស្ត្រខ្មែរខ្វះខាតសំលៀកបំពាក់ និងការហូបចុកយ៉ាងខ្លាំង។ ប៉ុន្តែទោះបីយ៉ាងនេះក៍ដោយ ក៍ប្រជាជនខ្មែរ មិនមានសកម្មភាពអ្វីប្រឆាំងនឹងបារាំង គួរឲ្យគួរកត់សម្គាល់ដែរ។ ប៉ុន្តែក្រោយពីការចេញផ្សាយកាសែតនគរវត្តមក និងដោយមានការបំផុសពីបក្ស កុម្មុយនិស្តឥណ្ឌូចិនផងដែរនោះ ប្រជារាស្រ្តខ្មែរក៏ចាប់ផ្ដើមមានគំនិតប្រឆាំងនឹងការជិះជាន់របស់អាណានិគមបារាំង កាន់តែខ្លាំងបន្តិចម្តងៗ។

សាលារដ្ឋបាល សម័យអាណានិគមបារាំង ក្រោយមកបានក្លាយជាមន្ទីរដ្ឋសភា បច្ចុប្បន្នជាតុលាកំពូល


ចំណែកនៅប្រទេសវៀតណាមវិញ សេដ្ឋកិច្ចក៏ធ្លាក់ចុះដុនដាបដែរនោះ បណ្ដាលឲ្យមានការបះបោរសម្លាប់មន្ត្រីបារាំង និងកើតមានចលនាតស៊ូប្រឆាំងបារាំងជាច្រើនកន្លែងទៀត ក្រោមការញុះញង់ពីសំណាក់បក្សកុម្មុយនិស្តឥណ្ឌូចិន ដែល ហូ ជីមិញ បានបង្កើតឡើងនៅឆ្នាំ១៩៣០នោះ។
កាសែតនគរវត្ត ចង់បានការជួយឧបត្ថម្ភគាំទ្រក្នុងការបោះពុម្ពផ្សាយរបស់ខ្លួនពីសំណាក់ព្រះមហាក្សត្រមុនីវង្ស ដែរ ប៉ុន្តែបំណងប្រាថ្នានេះ ត្រូវបានព្រះរាជបុត្រច្បងរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត បដិសេធ ហើយមានបន្ទូលដោយត្រង់ៗថា ការផ្សព្វផ្សាយអប់រំតាមរយៈកាសែតនគរវត្ត នោះ គឺជាការខាតបង់ពេលវេលា ហើយវានឹងធ្វើឱ្យកាន់តែមានការពិបាកក្នុងការគ្រប់គ្រងដឹកនាំប្រទេសថែមទៀត នៅពេលណាដែលខ្មែរមានអ្នកចេះដឹងច្រើនពេក។

ព្រះអង្គម្ចាស់នរោត្ដ សុរាម្រឹត


តែទោះបីជាយ៉ាងណា ក៏ព្រះអង្គម្ចាស់នរោត្ដ សុរាម្រឹត ជាបុត្រសុណិសារបស់ព្រះមហាក្សត្រមុនីវង្ស និងជាបិតាយុវអង្គម្ចាស់នរោត្តម សីហនុ យល់ព្រមធ្វើជាអ្នកឧបត្ថម្ភគាំទ្រកាសែតមួយនេះ ហើយទ្រង់កាន់តែបង្កើនភាពជិតស្និទ្ធជាមួយក្រុមសឹង ង៉ុកថាញ់ ប៉ាច ឈឺន និង ស៊ឹម វ៉ា ថែមទៀតផង។
នៅក្នុងឆ្នាំ ១៩៣៨ សឹង ង៉ុកថាញ់ បានបង្កើតអង្គការយុវជនមួយ ក្នុងគោលបំណងធ្វើឱ្យយុវជនកម្ពុជា និងវៀតណាម មានទំនាក់ទំនងគ្នាជាភាតរភាព។ កាសែតនគរវត្ត ចេញផ្សាយមួយសប្ដាហ៍ម្ដង ហើយម្ដងៗបោះពុម្ភចំនួន ៥០០០ច្បាប់។ ទន្ទឹមនឹងការធ្វើសកម្មភាពប្រឆាំងបារាំង សឹង ង៉ុកថាញ់ និងគ្នីគ្នាគាត់ក៏ចាត់ទុកថា ប្រទេសជិតខាងដែលគ្រោះថ្នាក់បំផុតនោះគឺប្រទេសថៃ មិនមែនជាប្រទេសវៀតណាមទេ។


ទន្ទឹមនឹងការចេញផ្សាយកាសែតនគរវត្ត សឹង ង៉ុកថាញ់ ស៊ឺម វ៉ា និងប៉ាច ឈឺន ក៍ឆ្លៀតឱកាសដើរឃោសនាតាមវត្តនានា ដើម្បីបំផុសគំនិតជាតិនិយម និងបំផុសឲ្យមានការក្រោកឡើងប្រឆាំងនឹងពូកអាណានិគមបារាំង ទាំងនៅក្រុងភ្នំពេញ និងនៅតាមខេត្តនានាផងដែរ។នៅក្នុងឆ្នាំ១៩៣៧ ថាច់ ជឿន ដែលបានរត់គេចខ្លូនទៅរស់នៅទឹកដីកូសាំងស៊ីន បានវិលត្រលប់មកកម្ពុជា ដោយសាងផ្នួសនៅវត្តមួយក្នុងខេត្តតាកែវ ហើយសឹកមកវិញនៅក្នុងឆ្នាំ១៩៣៩ និងបានក្លាយជាលេខាបក្សកុម្មុនិស្តឥណ្អូចិន ប្រចាំខេត្តស្វាយរៀង តែមិនឃើញមានធ្វើសកម្មភាពអ្វីគួរឲ្យកត់សម្គាល់់ទេ ហើយគាត់ក៏មិនបានធ្វើទំនាក់ទំនងជាមួយនឹងក្រុមសឹង ង៉ុកថាញ់ ស៊ឺម វ៉ា និងប៉ាច ឈឺន ដែរ។

លោក ស៊ឺម វ៉ា និង លោក ប៉ាច ឈឺន

ជាមួយគ្នានេះ មានខ្មែរនៅកូសាំងស៊ីនម្នាក់ឈ្មោះឡាំ ផៃ ត្រូវជាប្អូនថ្លៃរបស់សឹង ង៉ុកថាញ់ ដែលធ្លាប់បានទៅសិក្សានៅប្រទេសបារាំង អស់រយៈពេលជាច្រើនឆ្នាំ ដែរ ក៏បានចូលជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិននៅក្នុងដើមទសវត្សរ៍ឆ្នាំ១៩៤០ ដែរ ដោយដូរឈ្មោះមកជា ចាន់ សម័យ ទៅវិញ៕