ដំណាំត្រឡាច គឺជាប្រភេទដំណាំវាលើដី​ក៏បាន ឬឡើងទ្រើងក៏បាន ដែលគេនិយមចូលចិត្តដាំ និងយកទៅធ្វើជាបន្លែសម្រាប់បរិភោគ​ នៅក្នុងប្រទេសកម្ពុជាយើង ដោយសារតែត្រឡាច វាមានភាពងាយស្រួលក្នុងការដាំដុះ ព្រមទាំងងាយស្រួល​ក្នុងថែទាំ និងលក់​​នៅលើទីផ្សារ ​ម្លោះហើយវាជារឿងទូទៅហើយដែលគេដាំវា។​​ ដំណាំត្រឡាច​ជាដំណាំធន់ទ្រាំ ​នឹង​សីតុណ្ហភាព មិនរើសដី គឺអាចដាំបានស្ទើរគ្រប់ទីកន្លែងត្រឡាចមានផ្កាញី និងផ្កាឈ្មោល នៅលើដើមតែមួយជាទូទៅ ផ្កាឈ្មោលចេញមុនបន្ទាប់មកផ្កាញីចេញតាមក្រោយ ពេលមានសត្វឪម៉ាល់ ឬខ្យល់បក់ធា្លក់ផ្កាឈ្មោលមកលើផ្កាញី​​​វាក៏អាចបង្កកំនើតបាន។

ដំណាំនេះថ្វីត្បិតតែងាយស្រួលដាំក៏ពិតមែន តែបើយើងបន្ថែមនូវបច្ចេកទេសថ្មីៗក្នុងការដាំនោះជឿជាក់ថាទិន្នផលរបស់វា និងទទួលបានលើសពីការស្មាន។​ ខាងក្រោមនេះគឺជាបច្ចេកទេសដាំត្រឡាចឡើងទ្រើង ដែលបច្ចេកទេសនេះពិតជាខ្លាំងណាស់ដល់ប្រជាកសិករ ដូចនេះយើងនឹងបង្រៀនពីរបៀបដាំ ដូចតទៅ៖

+វិធីដាំ៖

-យើងត្រូវកាប់រណ្តៅទំហំ ៤០ សង់ទីម៉ែត្រ ៤ ជ្រុងក្នុងជម្រៅកន្លះម៉ែត្រ
-បើយើងដាំនៅខែប្រាំងត្រូវយកកម្ទេចកម្ទីសំរាមដុតដាក់ក្នុងរណ្តៅ តែបើនៅខែវស្សាត្រូវបាចកំបោរសក្នុងរណ្តៅមុនពេលដាំ
-គ្រាប់ពូជមុនពេលដាក់បណ្តុះយើងត្រូវយកទៅហាលថ្ងៃជាមុនសិន
-បន្ទាប់មកយកទៅត្រាំទឹកមួយយប់ រួចយកទៅកប់ក្នុងដីកន្លះថ្ងៃថែមទៀត រួចយកទៅបណ្តុះក្នុងកន្ទោងបណ្តុះកូនសិន ការធ្វើបែបនេះគ្រាប់ត្រឡាចនឹងអាចឆាប់ដុះគឺក្នុងចន្លោះពេលពី ៨ ទៅ ១២ ថ្ងៃប៉ុណ្ណោះ
-នៅពេលវាដុះបានស្លឹកពីរ ទើបយើងយកវាទៅដាំក្នុងរណ្តៅដែលយើងបានរៀបចំ

-ពេលកូនត្រឡាចដុះលូតលាស់បាន ៧ សន្លឹក យើងត្រូវក្ដិចត្រួយវាម្តង ក្រោយមកយើងនឹងបាន ទទួលទងថ្មីចំនួនបីបន្ថែមទៀត
-ទងដែលបែកចេញនោះ នៅពេលវាលូតលាស់បាន ៧ ស្លឹកយើងបន្តអនុវត្តដូចជំហានទី ១ ទៀត ពេលនោះយើងនឹងបានទងថ្មីចំនួន ៧ បន្ថែមទៀត

-យើងនៅតែបន្តអនុវត្តដូចជំហានទី ១ និង ទី ២ ដដែល ហើយពេលនោះ យើងនឹងបានទទួលទងថ្មីពី ៣០ ទៅ ៣៥ ទង(ដូច្នេះវាជាដំណាក់កាលដែលយើងត្រូវបន្ថែមជីធម្មជាតិ ដើម្បីជួយទ្រទ្រង់ការលូតលាស់របស់វា)

-ការដាក់ជីនេះ យើងត្រូវដាក់នៅសងខាងចេញពីរណ្តៅត្រឡាចពី ៣០ ទៅ ៥០ សង់ទីម៉ែត្រ មានដូចជាជីកំប៉ស្ត៍ លាមកសត្វ និងកំទេចស្លឹកឈើ និងស្រោចទឹកជាប្រចាំ ធ្វើបែបនេះត្រឡាចលូតលាសបានល្អ មានរយៈពេលយូររហូតដល់ជាង ២ ខែ ដែលអាចឲ្យវាផ្លែបានយូរ និងច្រើន
– ក្រោយពីដាំបានរយះពេល៣០ទៅ៤៥ថ្ងៃ អាចប្រមូលផលបានហើយ។

បច្ចេកទេសនេះពិតជាល្អណាស់ ដើម្បីឲ្យកសិករយកទៅសាកល្បងអនុវត្តន៏ និងជោគជ័យក្នុងវិស័យកសិកម្មដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ៕