សព្វថ្ងៃនេះនៅក្នុងវិស័យកសិកម្មមានការជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាបច្ចុប្បន្ននេះកំដៅផែនដីមានការកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់ បានធ្វើឲ្យប៉ះពាល់ដល់ដំណាំដែលដាំដុះស្ទើរគ្រប់ទីកន្លែងតែងតែរងការបំផ្លិចបំផ្លាញពីសត្វល្អិតចង្រៃនានា ហើយកសិករទូទៅតែងតែជ្រើសរើសវិធីបាញ់ថ្នាំគីមីដើម្បីសម្លាប់សត្វល្អិតចង្រៃ។

ការបាញ់ថ្នាំគីមីថ្វីត្បិតមានប្រសិទ្ធភាពល្អក៏ពិតមែន ប៉ុន្តែវាគុណវិបត្តិជាច្រើនដល់មនុស្សយើងទាំងអ្នកបាញ់ និងអ្នកប្រើប្រាស់ ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងផែនដីទាំងមូល។ ដូចច្នេះកសិករទាំងអស់គួរតែក្រលេកប្រើប្រាស់នូវវត្ថុធាតុដើម ដែលមានមកពីធម្មជាតិដើម្បីផលិតថ្នាំសម្លាប់កម្ចាត់ចៃ ដោយការផលិតនោះមិនមានអ្វីលំបាក ហើយវត្ថុធាតុផ្សំសុទ្ធតែងាយស្រួលរក ដូចនេះក្រុមការងាររបស់យើងនិងបង្ហាញពីរបៀបផលិត និងប្រើប្រាស់ ដូចខាងក្រោម៖

១/. ធាតុផ្សំ៖

ស្លឹកស្តៅ ដើមស្លឹកគ្រៃ ស្លឹកម្រុំ ស្លឹកទន្ទ្រោនខេត្ត សំបកផ្លែមង្ឃុត វល្លិបណ្តូលពេជ្រ សំបកដើមអង្គារ៍ដី ម្ទេសទុំ ថ្នាំខ្លាំង (ថ្នាំជក់) ស្លឹកទាប ស្រាស១លីត្រ និងទឹកខ្មេះ១លីត្រ ស្ករងូកន្លះលីត្រ។

២/. វិធីធ្វើ៖

ចិញ្ច្រាំ និងកិនធាតុផ្សំខាងលើជាបំណែកតូចៗបរិមាណស្មើគ្នាមួយមុខចំនួន១គីឡូក្រាម ដាក់ចូលក្នុងធុង ឬពាងធំមួយ ហើយចាក់ទឹកចូលចំនួន៥០លីត្រ រួចហើយចាក់ស្រាស ទឹកខ្មេះ ស្ករងូចូលកូរឲ្យសព្វ រួចបិទគ្របឲ្យជិតរក្សាទុករយៈពេល១ខែ (ត្រូវកូរវារាល់មួយអាទិត្យម្តង)។

៣/. វិធីប្រើ៖

លាយទឹកថ្នាំខាងលើ៣ស្លាព្រាបាយ ជាមួយទឹក៥លីត្រ រួចបាញ់លើដំណាំដែលរងការបំផ្លាញពីសត្វល្អិត និងចៃផ្សេងៗរាល់៣ថ្ងៃម្តង ប្រសិនបើវារងការបំផ្លាញខ្លាំងយើងត្រូវបាញ់រាល់ថ្ងៃ នោះវានឹងកាត់បន្ថយសត្វល្អិតចង្រៃដែលបំផ្លាញដំណាំរបស់យើង។

សូមព្យាយាមប្រើប្រាស់ថ្នាំសម្លាប់ដែលផ្សំពីធម្មជាតិទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីទទួលបានសុខភាពល្អទាំងអ្នកផលិត និងអ្នកប្រើប្រាស់ ៕