ភ្នំពេញ៖ ស្រ្តីជាបុគ្គលិកម្នាក់ ថៅកែឲ្យលុយអាមេរិក ចំនួន១២០០ដុល្លារ ទៅដូរយកលុយខ្មែរនៅផ្សារទួលទំពូង ខណៈកំពុងជិះម៉ូតូតាមផ្លូវ ក៏ត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកកាបូបលុយដែលដាក់នៅខាងមុខឃ្លប់ម៉ូតូរបស់គាត់បានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ករណីចោរឆក់កាបូបលុយនេះ បានកើតឡើងកាលពីវេលាម៉ោង១ រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៤៥០ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។ សម្ភារបាត់បង់ក្នុងកាបូបរួមមាន៖ ទូរស័ព្ទដៃមួយគ្រឿង ; លុយចំនួន ១,២០០ដុល្លារ ។

ស្រ្តីរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ត្រូវបានថៅកែឲ្យលុយចំនួន១២០០ដុល្លារ ទៅដូរយកលុយខ្មែរនៅផ្សារទួលទំពូង ខណៈដែលគាត់កំពុងជិះម៉ូតូតាមផ្លូវដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក អែបមកក្បែរ រួចធ្វើសកម្មភាពឆក់យកកាបូបលុយគាត់ ដែលដាក់នៅខាងមុខឃ្លប់ម៉ូតូបានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបនចុះទៅជួយធ្វើអន្តរាគមន៍នាំស្រ្តីរងគ្រោះយកមកសាកសួរ ដើម្បីកំណត់មុខសញ្ញា ងាយស្រួលតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕