ខេត្តកំពត: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកម៉ូតូមន្រ្តីយោធាម្នាក់ពីក្រោយ ហើយកិនមន្រ្តីយោធានោះបណ្ដាលឲ្យបែកក្បាលស្លាប់ ក្នុងថ្លុកឈាមភ្លាមៗ នៅវេលាម៉ោង១០ និង១៣នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ លើផ្លូវលវត្តអង្គ ស្ថិតក្នុងភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ។
ជនរងគ្រោះជាមន្រ្តីយោធានោះ ឈ្មោះ ឆាយ ឆុន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ។

មុនពេលកើតហេតុ ជនរងគ្រោះជាមន្រ្តីយោធាខាងលើ បើកបរម៉ូតូម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពត1N2541 ធ្វើដំណើរពីត្បូងទៅជើង នៅលើផ្លូវលវត្តអង្គ
ស្រាប់តែមានរថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿង បើកបរក្នុងទិសដៅស្របគ្នា មកបុកពីក្រោយ ហើយកិនមន្រ្តីយោធានោះបណ្ដាលឲ្យបែកក្បាលស្លាប់ ក្នុងថ្លុកឈាមភ្លាមៗ និងបានបន្ថែមល្បឿនរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែង និងយកម៉ូតូទៅរក្សាទុកនៅប៉ុស្ដិ៍ រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕