ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើកបររថយន្តឡិចស៊ីស ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូ pass app ឥណ្ឌា មួយគ្រឿង បណ្តាលឲ្យធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ អ្នកបើកបរម៉ូតូកង់បី គ្រាន់តែរងរបួសស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន(ផ្លូវ៣០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ។

មុនពេលកើតហេតុ គេឃើញមានម៉ូតូកង់បីឥណ្ឌា pass app ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1HS-1754 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកឡិចស៊ីសRX350 ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល2-3586 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា បានធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលចង្កូតទៅបុកម៉ូតូpass appខាងលើ បណ្តាលឲ្យធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ រងការខូចខាតយ៉ាងដំណំ តែសំណាងល្អ អ្នកបើកបរម៉ូតូកង់បី គ្រាន់តែរងរបួសស្រាល ។ ចំណែករថយន្តរងការខូចខាតផ្នែកខាងឆ្វេងផងដែរ ។

ក្រោយពេលកើតហេតុ ភាគីទាំងពីរបានជជែករកត្រូវរៀងៗខ្លួន អស់រយៈពេលជិតមួយម៉ោង តែដោយមានសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការសម្របសម្រួល ភាគីខាងរថយន្តបង្កបានយល់ព្រមចេញថ្លៃជួស ជុលម៉ូតូpass app និងថ្លៃព្យាលរបួសអ្នកបើកបរ ចំនួន១៥០ដុល្លារ រួចទិញទូរស័ព្ទដៃមួយគ្រឿងសងជនរងគ្រោះវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ តែម្តង៕