ភ្នំពេញ៖ ក្មេងទំនើងប្រុសស្រី១ក្រុម មានគ្នាជាង១០នាក់ ឃើញគូសង្សារ២នាក់អង្គុយសារសងគ្នាយូរពេក ក៍កាន់ខ្សែក្រវាត់ដេញវាយឲ្យរត់ខ្ចាត់ខ្ចាយ រួចបុរសជាសង្សារ ក៏រត់ទៅហៅសមត្ថកិច្ចឱ្យចុះមកអន្តរាគមន៍ និងឃាត់ខ្លួនបានម្នាក់ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចសួនវត្តបទុម នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
មុនពេលកើតហេតុ គេឃើញគូសង្សារទាំងពីរនាក់បានជិះម៉ូតូឌុបគ្នាមកអង្គុយលេងនៅសួនច្បារមុខវត្តបទុមវត្តី តាំងពីវេលាម៉ោង១១យប់ ថ្ងៃទី ២៧ ខែសីហា ដោយមិនមានបញ្ហាជាមួយអ្នកណានោះទេ ។


លុះរហូតមកដល់វេលាកើតហេតុ ស្រាប់តែមានក្មេងទំនើងប្រុសស្រី១ក្រុម មានគ្នាជាង១០នាក់ កាន់ទាំងមួកការពារ កាន់ទាំងខ្សែក្រវាត់ រត់ដេញវាយខ្លួនផ្អើលពេញទីតាំងចំណុចកើតហេតុ រួចបុរសជាសង្សារ បានរត់ទៅប្ដឹងសមត្ថកិច្ចឱ្យចុះមកអន្តរាគមន៍ ធ្វើឲ្យក្រុមក្មេងទំនើងខាងលើ រត់ចែកជើងគ្នា ហើយភ្លាមៗនោះ សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ រួចបញ្ជូនយកមកប៉ុស្តិ៍ចតុមុខ ដើម្បីសាកសួរភ្លាមៗទាំងកណ្តាលយប់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះជាគូសង្សារ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ។
ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ៕