ភ្នំពេញ៖ កម្មករជាងផ្សារដែកម្នាក់កំពុងឈរផ្សារដែកក្នុងក្រុមហ៊ុន សុខៗ ស្រាប់តែងងិតមុខដួលបោកបែកក្បាល បត់កស្លាប់មួយរំពេច តែខាងក្រុមហ៊ុនមិនអស់ចិត្ត បានដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ តែគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបខាងក្រុមហ៊ុន លួចហៅរថយន្តដឹកសពឯកជនផ្សេងទៀត ទៅដឹកសាកសពយកតម្កល់ទុកទៅវត្តកំបូល វិញ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅក្រុមហ៊ុន ជី ស៊ី ប៊ត ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល តែលាក់បាំងព័ត៌មាន រហូតដល់វេលាម៉ោង១និង២០នាទីរសៀលថ្ងៃដដែល ទើបផ្អើលដល់សមត្ថកិច្ច ចុះទៅសាកសួរដល់វត្តកំបូល ។


ជនរងគ្រោះ គ្រាន់តែស្គាល់ឈ្មោះ ទុយ ភេទប្រុស អាយុ៥៤ឆ្នាំ ជាកម្មករជាងផ្សារដែកនៅក្រុមហ៊ុនខាងលើ មានស្រុកកំណើតនៅខាងខេត្តកំពង់ឆ្នាំង ។
បើតាមខាងក្រុមហ៊ុនបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះកំពុងឈរធ្វើការងារបណ្តើរឈរជជែកលេងជាមួយកម្មករផ្សេងទៀតបណ្តើរ ស្រាប់តែបន្តិចក្រោយមក ជនរងគ្រោះខ្យល់គរងងិតមុខ ដួលបោក ទើបបែកក្បាល ដោយរងរបួសធ្ងន់ ដឹកយកទៅពេទ្យតាមរថយន្តក្រុមហ៊ុន ទើបដឹងថាស្លាប់បាត់ទៅហើយ ទើបដឹកតាមរថយន្តផ្សេងយកទៅដាក់វត្តកំបូល តែម្តង ។


តែសមត្ថកិច្ចជំនាញមិនទាន់ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យផង គេឃើញខាងរថយន្តក្រុមហ៊ុន ចងរុំសពយកទៅដាក់វត្តកំបូល និងស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីមកទទួលសពយកទៅធ្វើបុណ្យនៅស្រុកកំណើតឯខេត្តកំពង់ឆ្នាំង ទៅហើយ៕