ខេត្តប៉ៃលិន ៖ ស្ត្រីជាមន្ត្រីសុរិយោដីផ្អែកសំណង់នៅមន្ទីរសុរិយោដីខេត្តប៉ៃលិនម្នាក់ ឈ្មោះ រឿន ចរិយា បានឆបោកប្រាក់គេអស់រាប់សែនដុល្លារ ហើយត្រូវម្ចាស់លុយប្តឹងមន្ត្រីនគរបាលឱ្យចាប់ឃាត់ខ្លួនយកទៅដាក់នៅពន្ធនាគារខេត្ត តែដឹងអី ពេលជាប់គុកទៅហើយនេះ ស្រាប់តែស្ត្រីជើងខ្លាំងរូបនេះ នៅក្អេងក្អាងអុកឡុកពេញក្នុងបន្ទប់ពន្ធនាគារទៀត ដោយមិនខ្លាចញញើតនរណាម្នាក់ទេ ហើយបានវាយស្រ្តីអ្នកទោសម្នាក់ បណ្តាលឲ្យសន្លប់ស្តូកផ្អើលពេញពន្ធនាគារ ។


ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ មានស្រី្តជាប់ឃុំឃាំងនៅក្នុងពន្ធនាគារខេត្តម្នាក់ឈ្មោះរឿន ចរិយា បានឈ្លោះប្រកែកជាមួយនឹងស្ត្រីជាប់ឃុំម្នាក់ទៀតឈ្មោះ មាន ស្រី ឈានដល់ការវាយប្រតាយប្រតប់គ្នា រហូតស្រ្តីឈ្មោះមាន ស្រី ត្រូវគូជម្លោះវាយសន្លប់ស្តូកនៅនឹងកន្លែង ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ។


លោកលីម វាសនា ប្រធានពន្ធនាគារខេត្តប៉ៃលិន បានឱ្យដឹងថា នៅក្នុងពន្ធនាគារខេត្ត មិនធ្លាប់មានរឿងបែបនេះកើតឡើងពីមុននោះទេ ទើបតែអ្នកទោសស្រីម្នាក់ឈ្មោះ រឿន ចរិយា ជាប់ឃុំនៅទីនោះ ស្រាប់តែមានបញ្ហាជាមួយអ្នកទោសស្រីគ្នាឯងតែម្តង ព្រោះស្ត្រីរូបនេះមានចរិតក្អេងក្អាងតាំងតែពីនៅខាងក្រៅគុកម្ល៉េះ ហើយមិនខ្លាចនរណាម្នាក់ឡើយ ប៉ុន្តែចំពោះការប្រើអំពើហិង្សាវាយតប់គ្នានេះ ខាងលោកមិនទាន់ដឹងច្បាស់ថា មកពីមូលហេតុអ្វីឱ្យប្រាកដនៅឡើយទេ ខណៈកំពុងតែធ្វើការសាកសួរស្រាវជ្រាវរកមូលហេតុពិតប្រាកដ ។


ជុំវិញនឹងករណីហិង្សានេះ លោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចេញបទបញ្ជាឱ្យមន្ត្រីនគរបាលស្នងការខេត្តចុះទៅត្រួតពិនិត្យភ្លាមៗនៅក្នុងពន្ធនាគារ ដើម្បីធ្វើការសាកសួរអំពីអ្នកទោសនៅក្នុងពន្ធនាគារលើករណីប្រើអំពើហិង្សានេះ។
សូមបញ្ជាក់ថា ស្រ្តីជើងខ្លាំងឈ្មោះ រឿន ចរិយា អាយុ៣២ឆ្នាំ ជាមន្ត្រីសុរិយោដី រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលកំពុងឃុំឃាំងនៅក្នុងពន្ធនាគារខេត្តប៉ៃលិននេះ ត្រូវបានសមត្ថកិច្ច ធ្វើការចាប់ខ្លួន កាលពីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីឆបោកបា្រក់គេរាប់សែនដុល្លារ ។ កន្លងមក ស្រ្តីជាប់ចោទនេះ ធ្លាប់ជាប់ពន្ធនាគារម្តងរួចទៅហើយ កាលពីប៉ុន្មានឆ្នាំមុនពាក់ព័ន្ធនឹងករណីដីជម្លោះដីធ្លី ។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីសង្ស័យខាងលើ មានជំនាញខាងឆបោកប្រាក់គេណាស់ ហើយមិនត្រឹមតែឆបោកជនរងគ្រោះម្នាក់ទេ គឺបោកអ្នកដទៃជាច្រើនទៀត ព្រមទាំងមានពាក្យបណ្តឹងជាច្រើនទៀតផងដែរ៕