ខេត្តបាត់ដំបង ៖ បុរសចំណាស់ម្នាក់ ដោយសារជួបវិបត្តិគ្រួសារធ្ងន់ធ្ងរពេក រហូតគិតខ្លីលែងចង់រស់ ក៏បានយកខ្សែគោចង.កស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចក្រុមទី២ ភូមិបឹងសង្កែ ឃុំអំពិលប្រាំ ស្រុកបវេល ។
ជនរងគ្រោះដែលចង.កធ្វើអត្តឃាតខ្លួននេះ មានឈ្មោះសំ វុត ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឃុំកន្លែងកើតហេតុខាងលើ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះដើរកាន់ខ្សែគោ១ដុំនៅកន្លែងកើតហេតុ តែពេលនោះ ស្មានថាជនរងគ្រោះយកខ្សែទៅចងគោដូចសព្វដង ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែមានអ្នកភូមិបានប្រទះឃើញជនរងគ្រោះ ចង.កស្លាប់នៅខាងក្រោមបន្ទះក្ដារឆ្លងប្រឡាយ ហើយបង្កការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារអត្តឃាតខ្លួនឯង មិនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មទេ បន្ទាប់មកក៏ធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕