ភ្នំពេញ ៖ ស្រ្តី២នាក់ម៉ែកូន ខណៈដែលជិះម៉ូតូ១គ្រឿងឌុបគ្នា ស្រាប់តែមានចោរ១ក្រុមមកធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល បណ្តាលឲ្យស្រ្តីរងគ្រោះដួលម៉ូតូរងរបួសយ៉ាងដំណំ កាលពីម៉ោង១១យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរវត្តកោះ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវ១០៩ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម្តាយនិងកូនស្រីខាងលើ បានបើកបរម៉ូតូ១គ្រឿង ម៉ាកធូដេ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1GI-0524 ធ្វើដំណើរដឹកគ្នា តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមចោរមានគ្នា៤ទៅ៥នាក់ ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាកមកតាមពីក្រោយ រួចក៏ធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីម្តាយកូនបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល។ ចំណែក ស្រ្តីរងគ្រោះបានដួលម៉ូតូ របួសបែកមុខបែកមាត់ ហើយស្រ្តីជាម្តាយបានបាត់បង់ស្មារតី រីឯកូនស្រីរងរបួសស្រាល។

ស្រ្តីរងគ្រោះបញ្ជាក់ថា កាបូប ដែលត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកទៅនោះ គឺមានទូរស័ព្ទមួយគ្រឿង និងលុយដុល្លារមួយចំនួនប៉ុណ្ណោះ។
ក្រោយកើតហេតុ រថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត្រ និងរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន បានមកដល់កន្លែងកើតហេតុ តែស្រ្តីរងគ្រោះ មិនព្រមឡើងទៅធ្វើការព្យាបាលនោះទេ ដោយរង់ចាំទាក់ទងទៅសាច់ញាតិ ឲ្យមកទទួលយកទៅព្យាបាល និងមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចនោះទេ៕