ភ្នំពេញ ៖ នារីជាកម្មការីនីកាត់ដេរម្នាក់ បានសរសេរសំបុត្រទុក១ច្បាប់សុំទោសឪពុកម្តាយ និងប្តី រួចក៏សម្រេចធ្វើអត្តឃាតខ្លួនដោយយកក្រមាចង.កភ្ជាប់នឹងចម្រឹងបង្អួចបន្ទប់ជួលរបស់ខ្លួនស្លាប់អាណោចអាធ័ម រហូតសពហើមមានធំក្លិនស្អុយ ទើបមានអ្នកជិតខាងដឹង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ១២ជាន់ទី២ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
នារីរងគ្រោះដែលគិតខ្លីចង.កស្លាប់នេះ មានឈ្មោះប៊ុន សុខា អាយុ៣៣ឆ្នាំ ជាកម្មការីនីកាត់ដេរ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិរៀវ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ គ្មានអ្នកណាម្នាក់នឹកថា នារីរងគ្រោះធ្វើអត្តឃាតបែបនេះទេ ព្រោះឃើញបន្ទប់របស់នារីរងគ្រោះបិទទ្វាររហូត លុះដល់វេលាកើតហេតុ ស្រាប់តែមានក្លិនស្អុយចម្លែកភាយចេញពីបន្ទប់របស់នាង ទើបអ្នករស់នៅក្បែរនោះ នាំគ្នាដើរមើល និងអើតចូលមើលក្នុងបន្ទប់ ក៏ប្រទះឃើញនារីរងគ្រោះចង.កឡើងសពហើមស្អុយបាត់ទៅហើយ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។


មន្ត្រីនគរបាល បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍បែបនេះភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅពិនិត្យសពស្ត្រីរងគ្រោះ ឃើញថា ស្ត្រីរងគ្រោះបានយកក្រមាចង.កភ្ជាប់ទៅនឹងចំម្រឹងបង្អួចបន្ទប់ជួលរបស់ខ្លួន តាំងពីថ្ងៃទី២៣ ខែសីហា មកម្ល៉េះ លុះនៅព្រឹកថ្ងៃទី២៥ ខែសីហា មានធុំក្លិនស្អុយ ដល់អ្នកនៅបន្ទប់ជិតខាង ហើយបានទៅអើតមើលក្នុងបន្ទប់នោះ ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះចងកសម្លាប់ខ្លួន ។ នៅក្នុងបន្ទប់របស់នារីរងគ្រោះ សមត្ថកិច្ចបានរកឃើញសំបុត្រមួយច្បាប់ដែលមានខ្លឹមសារថា «អោយខ្ញុំសុំទោសម៉ែ សុំទោសបងៗ អរគុណសំរាប់ក្តីស្រលាញ់អ្នកទាំងអស់គ្នា កូនស្រីម្នាក់នេះមិនល្អទេ។


អោយអូនសុំទោសបងជាប្តី ណាស់តែអូនទេដែរ មិនល្អអោយអូនសុំទោស បើមានជាតិក្រោយពិត អូនសងបងវិញ»។ តែយ៉ាងណា ស្រ្តីរងគ្រោះមិនបញ្ជាក់ពីមូលហេតុ ធ្វើឲ្យនាងគិតខ្លីបែបនេះឡើយ។
ក្រោយពិនិត្យរួច នគរបាលជំនាញព្រមទាំងគ្រូពេទ្យ បានបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាចង.កធ្វើអត្តឃាតមែន មិនមានជាប់ពាក់ព័ន្ធករណីឃាតកម្មទេ ហើយក៏បានប្រគល់សពនារីរងគ្រោះជូនក្រុមគ្រួសារដឹកយកទៅស្រុកកំណើត រៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕