តាមបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃចន្ទទី២៦ ខែសីហា ឆ្នាំ២០១៩នេះ មេបញ្ជាការកងពលតូចលេខ៩ និងមេបញ្ជាការយោធាខេត្តព្រះវិហារ បានជួបចរចាគ្នាជាមួយមេបញ្ជាការយោធាខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ដើម្បីដកកងទ័ពរៀងៗខ្លួនចេញពីទីតាំងទន្លេរពៅ ក្នុងតំបន់មុំបី ដែលមានការចម្រូងចម្រាសគ្នានោះហើយ។ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ដឹងពីលទ្ធផលយ៉ាងណានៅឡើយទេ។
ការប្រឈមមុខដាក់គ្នារវាងកងទ័ពរបស់កម្ពុជា និង ឡាវនៅចំណុចទន្លេរពៅក្នុងតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារនេះ ធ្វើឡើងតាំងពីថ្ងៃទី១៤ ខែសីហាមកម្ល៉េះ តែទើបតែនៅថ្ងៃទី២៣ ខែសីហាទេ តែបញ្ហានេះត្រូវបានទម្លាយឱ្យដឹងជាសាធារណៈដោយរដ្ឋមន្រ្តីក្រសួងព័ត៌ កាលពីថ្ងៃទី២៣ ខែសីហា កន្លងមកនេះ។

ដើមហេតុនៃការកើតមានបញ្ហានេះឡើង គឺដំបូងឡើយប្រជាពលរដ្ឋខ្មែរបានទៅបង្កបង្កើនផលនៅចំណុចទន្លេរពៅនេះ ដែលជាតំបន់មិនទាន់បោះបង្គោលព្រំដែនដាច់ស្រេចនៅឡើយ។ ប៉ុន្តែកងទ័ពឡាវបានចូលមកដកដំណាំរបស់ប្រជាពលរដ្ឋខ្មែរចោល ហើយកងទ័ពឡាវក៏បានបង្កើនចំនួនលើសពី៦០នាក់ មកឈរជើងនៅតំបន់នោះ ហើយអះអាងថា ទីនោះជាទឹកដីរបស់ឡាវ ទៀតផង ។ចំណែក កងទ័ពកម្ពុជាវិញ ក៏បានបញ្ជូនទៅឈរជើងតំបន់នោះដូចគ្នា ព្រោះវាជាទឹកដីរបស់កម្ពុជា។
កាលពីព្រឹកថ្ងៃទី២៤ ខែសីហា នាយករដ្ឋមន្រ្តីកម្ពុជា និង ឡាវ បានពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីដោះស្រាយបញ្ហានេះ ហើយនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានឯកភាពគ្នាឱ្យដកទ័ពរៀងៗខ្លួនចេញពីតំបន់នោះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា នៅតំបន់នោះមិនមានភាពតានតឹងនោះទេ ពោលគឺកងទ័ពកម្ពុជា និងឡាវកំពុងនៅជាមួយគ្នា និង បរិភោគអាហារជាមួយគ្នាថែមទៀត។


សូមបញ្ជាក់ថា បញ្ហាបោះបង្គោលព្រំដែនកម្ពុជានិងឡាវ នៅសេសសល់ប្រមាណជា១៦%ទៀតប៉ុណ្ណោះ តែមិនទាន់អាចបញ្ចប់បាននៅឡើយ ដោយសារមិនទាន់ឈានទៅដល់ការឯកភាពគ្នាលើពង្រាងលក្ខខណ្ឌប្រតិបត្តិ(TOR) នៅឡើយទេ ។ តែទោះជាបែបនេះក្តី សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងឱ្យដឹងថា នាយករដ្ឋមន្រ្តីឡាវនឹងមកកាន់ប្រទេសកម្ពុជានៅពាក់កណ្តាលខែក្រោយនេះ ដើម្បីបន្តដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរបន្តទៀត ៕