ភ្នំពេញ៖ ជនជាតិចិនចំនួន១១នាក់ ចូលមកស្នាក់នៅលួចលាក់ និងធ្វើការដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងគ្មានសៀវភៅការងារត្រឹមត្រូវ ត្រូវកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន កាលពីវេលាម៉ង៣និង៣០ នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១១០C ផ្លូវលេខ១០១៣ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។


ជនជាតិចិនទាំង១១នាក់នោះ មានស្រី០១នាក់ដែលឃាត់ខ្លួននោះ សមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ តែបានដកហូតបានវត្ថុតាងមួយចំនួនរួម មានកុំព្យូទ័រលើតុ២១គ្រឿង , កុំព្យូទ័រ យួរ ដៃ ០២គ្រឿង ,ទូរស័ព្ទប្រើជារួម ចំនួន១១៩គ្រឿង , ទូរស័ព្ទផ្ទាល់ខ្លួន ចំនួន០៧គ្រឿង និង ឯកសារផ្សេងៗ មួយចំនួនទៀត។


មុនពេលឃាត់ខ្លួន កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ហើយបានទទួលព័ត៌មានថា មានជនជាតិចិនប្រមាណពី១០ទៅ២០នាក់ គ្មានលិខិតឆ្លងដែន កំពុងស្នាក់នៅក្នុងផ្ទះខាងលើ ធ្វើការខុសច្បាប់ និងគ្មានឯកសារត្រឹមត្រូវឡើយ។

ខណ:នោះកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សុំគោលការណ៍ពីលោកព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ និងបានសហការកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ព្រមទាំងនគរបាលនគរបាលប៉ុស្តិ៍កាកាប១ ចុះទៅឃាត់ខ្លួនបាន១១នាក់ រួចនាំយកទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីនាំទៅសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕