ខេត្តព្រះវិហារ៖ បុរសម្នាក់ ក្នុងចំណោមមនុស្ស៥នាក់លួចឆ្លងដែនចូលខុសច្បាប់ ទៅក្នុងទឹកដីថៃ ដើម្បីបេះផ្កាអូរគីដេ ត្រូវបានតម្រួតថៃ បាញ់ត្រូវម្នាក់បណ្ដាលឲ្យរបួសបាក់ជើង កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលតម្រួតថៃបាញ់បាក់ជើងនោះឈ្មោះ ឈិន ឡាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរខ្សាន្ត ឃុំទឹកក្រហម ស្រុកជាំខ្សាន្ត។


មន្រ្តីអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋចំនួន ៥នាក់ រស់នៅភូមិអូក្សាន្ត ឃុំទឹកក្រហម បាននាំគ្នាឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ តាមច្រកភ្នំដំណាក់ជ្រៃ ដើម្បីរកអនុផលព្រៃឈើ ដោយអ្នកខ្លះបេះផ្កាអូរគីដេ អ្នកខ្លះក៏បេះផ្លែសម្រង ដើម្បីយកមកលក់ គ្រាន់ដោះស្រាយជីវភាព។


ប៉ុន្តែចៃដន្យ បានជួបនឹងក្រុមតម្រួតថៃ កំពុងដើរយាមល្បាត ក៏បាញ់រះ សំដៅមកលើពួកគាត់ទាំង៥នាក់បណ្តាលរងរបួសបាក់ជើងម្នាក់តែម្ដង ហើយពួកគាត់ខំប្រឹងអូសអ្នករបួសចូលមកក្នុងទឹដីខ្មែរវិញ។ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូសណ្ដោងរ៉ឺម៉ក ទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ៕