ខេត្តកណ្តាល ៖ យុវជន១ក្រុមទំនងជាដាច់លុយចាយ បានផ្សំគំនិតគ្នាធ្វើសកម្មភាពបូមប្រេងពីគ្រឿងចក្រអេស្កាវ៉ាទ័រ (អាអ៊ិច) លក់យកលុយចាយ តែដឹងអី! ត្រូវកម្លាំងសមត្ថកិច្ចចេញល្បាតប្រទះឃើញ ក៏ធ្វើការចាប់ខ្លួនទាំង៧នាក់ នាំមកចាត់ការតាមផ្លូវច្បាប់។ ករណីចោរកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកអង្គញ់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ។


យុវជនសង្ស័យដែលសមត្ថកិច្ចធ្វើការចាប់ខ្លួននេះ ១.ឈ្មោះស៊ិន ចិត្រា ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ បើកអេស្កាវ៉ាទ័រ ។ ២.ឈ្មោះ អ៊ី ម៉ាប់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ពុំពិតប្រាកដ ។ ៣.ឈ្មោះកន សុខជា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករបូមខ្សាច់ ។ ៤.ឈ្មោះយឹម វីសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករបូមខ្សាច់។
អ្នកទាំង៣នាក់ខាងលើ រស់នៅភូមិមាត់បឹង ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ៥.ឈ្មោះអាន សុខទីន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្តាលស្ទឹង មុខរបរកម្មកររោងចក្រ ។ ៦.ឈ្មោះសាន្ត វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសន្តិសុខរោងចក្រ ។ ៧.ឈ្មោះសាត់ ភារុន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់។ អ្នកទាំង២នាក់នេះ រស់នៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។ សមត្ថកិច្ច ធ្វើការដកហូត ប្រេងម៉ាស៊ូតចំនួន៣កាន និងម៉ូតូចំនួន៤គ្រឿង។


សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យ ឈ្មោះស៊ិន ចិត្រា បានបូមប្រេងម៉ាស៊ូតចំនួន៣កានពីអេស្កាវ៉ាទ័រ ដែលខ្លួនបើកកាយដីរណ្តៅខ្សាច់នៅចំណុចកើតហេតុ យកមកខាងលិចរណ្តៅដីប្រហែល២០០ម៉ែត្រ រួចឲ្យជនសង្ស័យឈ្មោះអ៊ី ម៉ាប់ ឈ្មោះសាន្ត វុទ្ធី ឈ្មោះអាន សុខទីន ឈ្មោះកនសុខជា ឈ្មោះយីម វសាល ឈ្មោះសាត់ ភារុន យកទៅលក់បន្តឲ្យគេ។ ពេលនោះកម្លាំងជំនាញ និងកម្លាំង ដើរល្បាតឃើញក៏ឃាត់ហៅមកសួរនាំនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕