ភ្នំពេញ៖ យុវជនជាងជួសជុលរថយន្តម្នាក់ ខណ:កំពុងជិះម៉ូតូសុខៗ ស្រាប់តែមានរថយន្ត១គ្រឿង ឆ្លងផ្លូវយ៉ាងលឿនមកបុកយុវជនខាងលើយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កបានបើករត់គេចបាត់ស្រមោល។


ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ត្រង់ចំណុចមុខសាលាសង្កាត់បាក់ខែង ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។
យុវជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នេះ មានឈ្មោះគា សុត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុសរថយន្ត នៅម្តុំហ្គ្រេនភ្នំពេញ បច្ចុប្បន្នស្នាក់នៅ ភូមិកាចាប់ខាងត្បូង ឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្តាល។


ប្រពភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី វីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ម-0141ភព-1 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង មិនស្គាល់ម៉ាក បើកចេញពីផ្លូវបេតុងទិសដៅកើតទៅលិច ហើយបត់មកឆ្វេងឆ្លងផ្លូវយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកយុវជនរងគ្រោះ បណ្តាលឲ្យដួលម៉ូតូ ហើយជនរងគ្រោះបោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកឯរថយន្តបង្ក មិនឈប់ទទួលខុសត្រូវទេ ដោយបន្ថែមល្បឿនបើករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ច បានទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះ និងធ្វើកំណត់ហេតុ ដើម្បីប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយបានម៉ូតូប្រគល់ជូនសាច់ញាតិវិញ។ ចំណែក រថយន្តបង្ក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ចាប់ខ្លួនទាំងអ្នកបើកបរនាំមកធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ តែដូចជាមានសង្ឃឹមតិចណាស់៕