ខេត្តព្រះសីហនុ៖ បុរសអ្នកជិះម៉ូតូធុនធំ១គ្រឿង បោះពួយយ៉ាងលឿនហើយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកគូទរថយន្តដឹកសំរាម ដែលខូចចតស្ងៀមនៅចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោងជាង១០យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចលើចំណោតអូរត្រាវ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។


សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានឈ្មោះញ៉ុល សារឿន ហៅ ម៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្នែកសង្គ្រោះអគ្គិភ័យ អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ មានស្រុកកំណើតនៅភូមិចំបក់ ឃុំចេក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅក្រុម៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។


ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូប្រភេទធុនធំម៉ាក XR230 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HK-6543 បើកបរក្នុងទិសដៅចេញពីក្រុងព្រះសីហនុ ក្នុងល្បឿនលឿនគួរសម លុះមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្នបានបុកគូទរថយន្ត១គ្រឿងម៉ាក DAEWOO ពណ៌ខៀវ គ្មានស្លាកលេខ របស់ក្រុមហ៊ុនប្រមូលសំរាម ខូចចតនៅលើចិញ្ចើមផ្លូវ (ពុំមានអ្នកបើកបរ នៅលើរថយន្ត) បណ្តាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរចរាចរបានចុះធ្វើការវាស់វែង និងកំណត់ហេតុយកយានយន្តពាក់ព័ន្ធទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែក សពជនរងគ្រោះសមត្ថកិច្ចបានទាក់ទងផ្តល់ដំណឹងទៅក្រុមគ្រួសារមកទទួលយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕