ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រី២នាក់ បងប្អូនបានលង់ទឹកត្រពាំងស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលជីតារត់ទៅដេញគោស៊ីដំណាំ ទុកឲ្យពួកនាងនៅតែ២នាក់ ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២ និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចត្រពាំងបែកក្បាល ស្ថិតក្នុងភូមិចារថ្មី ឃុំអណ្ដូងស្នាយ។
ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះ ឈនសុខ រក្សា ភេទស្រី អាយុ៨ឆ្នាំ
និងម្នាក់ទៀត មានឈ្មោះសាំង កញ្ចនា ភេទស្រី អាយុ៦ឆ្នាំ។ ក្មេងរងគ្រោះទាំងពីរនាក់
មានទីលំនៅនៅភូមិចារថ្មី ឃុំអណ្ដូងស្នាយ ។


សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីទាំង២នាក់ បានចុះ
លេងទឹកត្រពាំងលើ ហើយពេលនោះបុរសជាជីតាឈ្មោះជួប សុទ្ធ អាយុ៧៤ឆ្នាំ បានរត់ទៅដេញគោដែលស៊ីដំណាំ ទុកចៅទាំងពីរនាក់ ឱ្យនៅចំណុចខាង ដោយមិននឹកដល់ពួកគេជួបរឿងបែបនេះទេ ។ លុះពេលជីតាត្រឡប់មកវិញករចៅពុំឃើញ ក៏ចុះរាវរកក្នុងត្រពាំង
ទើបឃើញចៅទាំងពីរនាក់លង់ទឹកស្លាប់តែម្ដង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យសពក្មេងស្រីរងគ្រោះទាំង២ រួចបញ្ជាក់ថា ពួកគេពិតជាលង់ទឹកស្លាប់មែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ ហើយបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕