ខេត្តស្វាយរៀង៖ គ្រូបង្រៀនវិទ្យាល័យម្នាក់សង្ស័យស្រវឹង បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យសិស្សសាលាម្នាក់ឲ្យរងរបួស មិនព្រមឈប់ បែរបើករត់គេចពីកន្លែងកើតហេតុ លុះសមត្ថកិច្ចបើករថយន្តស៊ីរ៉ែន ដេញតាមទាន់ ចុះពីរថយន្តរត់គេចខ្លួនបាត់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥២នាទីយប់ ថ្ងៃពុធ ១៤ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវលេខ១១៤ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

អ្នកបើកបររថយន្តបង្ក ឈ្មោះ អ៊ិន សុខា ភេទ ប្រុស អាយុ៤៨ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍។ ចំណែកជនរងគ្រោះ ឈ្មោះ ឈៀក ណារ៉ាក់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវាលយន្ដ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ជិះម៉ូតូម៉ាកWave ។

មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកTOYOTA CAMARY ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២G-៩៣២៥ បើកបរដោយ ឈ្មោះ អ៊ិន សុខា ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាក Wave ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១F-០៤៧៥ បើកបរដោយសិស្សឈ្មោះ ឈៀក ណារ៉ាក់ បើកបរពីលិចទៅកើត មិនពាក់មួកសុវត្ថិភាព បណ្ដាលឲ្យរងរបួសធ្ងន់ ប៉ុន្តែអ្នកបើកបររថយន្តមិនបានឈប់ដោះស្រាយនោះទេ គឺបានបើករត់គេចពីកន្លែងកើតហេតុ ទៅទិសខាងកើតរហូតដល់ខាងជើងក្លោងទ្វាវត្តតានូប្រហែល ៦០០ម៉ែត្រ សមត្ថកិច្ចបើករថយន្តស៊ីរ៉ែន ដេញតាមទាន់ ទើបអ្នកបើកបរឈប់រថយន្ដទុកចោល រួចរត់គេចខ្លួនបាត់៕