ខេត្តកណ្តាល ៖ នារីម្នាក់បានឈ្លោះប្រកែកជាមួយប្តី រឿងដែលប្តីបោសសម្អាតពិដានផ្ទះរំខាននាងកំពុងដេកពួន។ លុះពេលប្តីបើកម៉ូតូចេញផុតពីផ្ទះ ស្រាប់តែនាងឈឺចិត្តស្អិតទ្រូង រហូតគិតខ្លីធ្វើអត្តឃាតខ្លួនចង.កស្លាប់យ៉ាងណា អាណោចអាធ័ម កាលពីវេលាម៉ោង១៧ និង៣០នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ចំណុចបន្ទប់ដេកក្រោមផ្ទះរបស់ខ្លួន ស្ថិតនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្ត។
នារីរងគ្រោះ‌ដែលគិតខ្លីចង.កស្លាប់នេះ មានឈ្មោះយិន ចាន់ថន អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ មានប្តីឈ្មោះគិន ដេត អាយុ៣៨ឆ្នាំ មានកូនរស់នៅក្នុងបន្ទុកចំនួន៣នាក់ ។


បុរសជាប្តីស្រ្តីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង១០នាទី ខណៈដែលគាត់កំពុងដេកនៅលើគ្រែខាងក្រៅផ្ទះ ស្រាប់តែប្រពន្ធបានមកដាស់ ខ្លួនជាប្តីឲ្យចេញទៅរកត្រីតែខ្លួនមិនព្រមទៅ ព្រោះមេឃកំពុងរកភ្លៀង ពេលនោះប្រពន្ធបានចូលទៅក្នុងបន្ទប់ដេកបន្ទាប់ គាត់បានចូលទៅបោសសម្អាតពិដាននៅក្នុងបន្ទប់ដេក។ ពេលកំពុងបោសសម្អាតនោះ ប្រពន្ធបានក្រោកពីដេក ហើយបានខឹងសម្បា រួចស្រែកខ្លាំងៗថា បោសអីពេលនេះរំខានណាស់ រួចក៏បានឈ្លោះប្រកែកគ្នាដោយពាក្យសំដីបន្តិចបន្តួច។
ប្រភពបន្តថា ពេលនោះ គាត់បានជិះម៉ូតូចេញទៅផ្ទះម្តាយបាត់ទៅ លុះដល់វេលាម៉ោង១៧ និង៣០នាទី ទើបត្រឡប់មកវិញ ពេលមកដល់ផ្ទះឃើញទ្វាររបងចាក់សោពីខាងក្នុងជាប់ក៏ស្រែក ហៅប្រពន្ធតែមិនឮ ដោយមានការសង្ស័យ ក៏បានផ្លោះរបងចូលទៅក្នុងផ្ទះ ឃើញជនរងគ្រោះបានចងកនៅនឹងធ្នឹមផ្ទះកន្លែងគ្រែដេក ឃើញដូចនោះក៏បានស្ទុះទៅលើកប្រពន្ធទម្លាក់ចុះមកក្រោមរួចស្រែកប្រាប់អ្នកជិតខាងដើម្បីមកជួយសង្គ្រោះតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ធ្វើឲ្យគាត់រន្ធត់ចិត្តជាខ្លាំង និងរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋានគ្រូពេទ្យឃុំចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថា ស្រ្តីរងគ្រោះបានចង.ក ដោយសារុង១ ពណ៌ក្រហមផ្កាលឿង ហែកជាពីរចងជាប់នឹងធ្នឹមផ្ទះកម្ពស់២ម៉ែត្រពីគ្រែដេកមានស្នាមជាំត្រង់ក បែកបំពង់ក និងគ្មានស្លាកស្នាមអ្វីផ្សេងទៀតទេ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ស្រ្តីរងគ្រោះពិតជាចង.ក ធ្វើអត្តឃាតមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ ហើយបានធ្វើគំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕