ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងកំពុងបោះពួយយ៉ាងលឿន មិនដឹងមូលហេតុអ្វី ស្រាប់តែរេចង្កូតទៅបុកម៉ូតូ ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាចំពីមុខ បណ្ដាលឲ្យអ្នកបើកបរម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗតែម្ដង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះលក់ចាប់ហួយ ជា ពន្លឺ លើផ្លូវជាតិលេខ០២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
ជនរងគ្រោះ ឈ្មោះ ប៉ែន តុលា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាងប៉ះកង់ មានទីលំនៅភូមិពន្លា ឃុំសង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង (ស្លាប់នៅកន្លែងកើតហេតុ)។


មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0247 កំពុងបោះពួយយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុកម៉ូតូជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ស្វាយរៀង 1F-1790 ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នាចំពីមុខ បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗតែម្ដង ហើយអ្នកបើកបររថយន្តបង្កពុំស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង ហើយយករថយន្តនិងម៉ូតូ ទោរក្សាទុក្ខនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕