ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានចាប់អារម្មណ៍ និងស្ញើចសរសើរយ៉ាងខ្លាំងចំពោះលោកឧកញ៉ា លី សេងឃាង ព្រមទាំងលោកជំទាវ ដោយបានរៀបចំពិធីចូលម្លប់កូនស្រី ដែលជាពិធីប្រពៃណីខ្មែរពីបុរាណស្ទើរតែរលត់បាត់សូន្យឈឹង តួយ៉ាងកាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩ លោកបានរៀបចំពិធីចេញម្លប់កូនស្រីយ៉ាងអធិកអធមបំផុតនៅឯសណ្ឋាគារ សូហ្វីតែ ភ្នំពេញ ភូគីត្រា ។

នៅក្នុងកម្មពិធីចេញម្លប់កូនស្រីរបស់លោកលី សេងឃាង នេះដែរគេបានមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំជាច្រើនរូបចូលរួមញ៉ាំងកម្មវិធីកាន់តែអធិកអធមថែមទៀត ។

សូមបញ្ជាក់ថា ពិធីចូលម្លម់គឺជាពិធីប្រពៃណីទំនៀមទម្លាប់មួយដែលខ្មែរបានប្រារព្ធធ្វើឡើងដើម្បីបំពេញលក្ខណ៍ឲ្យកូនស្រីនៅពេលពេញវ័យ។ ពិធីនេះមានតាំពីយូរណាស់មកហើយ ប៉ុន្តែគេមិនបានដឹងច្បាស់ថាមានតាំងពីពេលណាមកនោះទេ។ តាមការស្រាវជ្រាវបានឲ្យដឹងថា ពិធីឆ្លងវ័យមួយនេះត្រូវបានប្រជាជនខ្មែរនិយមប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតមកដល់ចុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ មុនីវង្ស គឺប្រហែលនៅរវាងឆ្នាំ ១៩៣០-១៩៤០ ទើបគេពុំសូវឃើញមានការប្រារព្ធពិធីគ្រប់ទីកន្លែងនៅប្រទេសកម្ពុជាដូចកាលពីមុនទៀត។

ពិធីនេះគឺធ្វើឡើងនៅពេលកូនក្រមុំខ្មែរចាប់ផ្តើមពេញវ័យ គឺរាប់តាំងពីពេលរដូវដំបូង ដោយមិនមានដេញវេលាល្អ អាក្រក់ដូចពិធីកោជុក ពិធីអាពាហ៍ពិពាហ៍ និងពិធីមួយចំនួនទៀតឡើយ។ ឪពុកម្តាយត្រូវរៀបចំពិធីចូលម្លប់ឲ្យកូនស្រីរបស់ខ្លួន ដែលយ៉ាងហោចណាស់ត្រូវធ្វើឲ្យកូនស្រីច្បងនៃគ្រួសារដែរ។

ជាទូទៅ ការចូលម្លប់មានរយៈពេលចាប់ពី ៣ទៅ ៦ខែ ឬអាចលើសពីនេះតាមលទ្ធភាពគ្រួសារនីមួយៗ។ យុវតីដែលស្ថិតនៅក្នុងម្លប់ ត្រូវរៀន និងអនុវត្តភារកិច្ចជាច្រើនតាមទំនៀមទម្លាប់ ដែលមានកំណត់ទុកតៗគ្នា ហើយត្រូវប្រកាន់ត្រណមមួយចំនួន ជាពិសេសត្រូរក្សាខ្លួនឲ្យនៅក្នុងម្លប់ដោយមិនប្រាស្រ័យទាក់ទងជាមួយបុរសក្នុងផ្ទះ និងក្រៅផ្ទះ ទោះបីជាឪពុក ឬបងប្អូនបង្កើតក៏ដោយ។ ម្យ៉ាងទៀតពិធីនេះមានដំណាក់កាលសំខាន់ៗពីរគឺ ៖ ការចូលម្លប់ និង ការចេញពីម្លប់ដែលជាពិធីចុងក្រោយធ្វើឡើងយ៉ាង អធិកអធមដើម្បីប្រកាសឲ្យញាតិមិត្តជិតខាងបានដឹងឮ និងទទួលស្គាល់នារីដែលបានឆ្លងកាត់ពិធីនេះ ។

ខាងក្រោមនេះ គឺជាវីដេអូបង្ហាញពីទិដ្ឋភាពនៃពិធីចេញម្លប់របស់កូនស្រីលោក ឧកញ៉ា លី សេងឃាង ដែលមានឈ្មោះថា នាង លី ជា​សុីង​វិចតូរៀ អាយុ ១៥ឆ្នាំ ៖

សហការី KBN