ភ្នំពេញ៖ ជាងជូសជុលរថយន្តម្នាក់ជុំមិត្តភក្តិផឹកស៊ីនៅក្នុងបន្ទប់ស្នាក់នៅ ប្រហែល២ម៉ោងក្រោយមក ស្រាប់តែមិត្តភក្តិប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់នោះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅបន្ទប់ជួលលេខ N2 ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះអារះ សុធា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជូសជុលរថយន្ត ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិព្រែកចង្ក្រាន់ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិផ្សេងទៀតបាននាំគ្នាផឹកស៊ីនៅកន្លែងធ្វើការ បន្ទាប់ពីផឹកចប់នៅកន្លែងធ្វើការ ក៏បន្តមកផឹកនៅបន្ទប់ដេករបស់ជនរងគ្រោះទៀត រហូតដល់ម៉ោង១៤រសៀល ថ្ងៃទី១៤ ខែសីហា ទើបមិត្តភក្តិបែកទៅធ្វើការវិញអស់។ លុះដល់ម៉ោង១៦ល្ងាចថ្ងៃដដែល ទើបមិត្តភក្តិមកវិញ ស្រាប់តែឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង និងបានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕