ភ្នំពេញ៖តាមការកោះហៅរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឧកញ៉ា គង់ ក្រឹង ដែលជាឈ្មួញឈើដ៏ល្បីល្បាញនៅខេត្តភាគឦសាន និងម្ចាស់គេហដ្ឋានមានរោងសិប្បកម្មឈ្មោះ ម៉ាត់ ណាស៊ាត បានចូលខ្លួនទៅឆ្លើយបំភ្លឺនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ពាក់ព័ន្ធករណីបទល្មើសព្រៃឈើ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះហើយ។

នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេប៉េអឹមខេត្តក្រចេះ ហើយរហូតមកដល់ត្រឹមម៉ោងជាង ១១ព្រឹក នៅមិនទាន់បានបញ្ចប់ការសាកសួរនៅឡើយទេ។

កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញលិខិតកោះអញ្ជើញលោកឧកញ៉ា គង់ ក្រឹង មានទីលំនៅបច្ចុប្បន្ននៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ មានមុខរបរម្ចាស់គេហដ្ឋានមានរោងសិប្បកម្មឈ្មោះ ម៉ាត់ ណាស៊ាត ចូលបំភ្លឺនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ពាក់ព័ន្ធបទល្មើសព្រៃឈើ។

លុះដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំចុះពិនិត្យទីតាំងឃ្លាំងស្តុកឈើចំនួន៩ ទីតាំងរបស់ឧកញ៉ា គង់ ក្រឹង នៅស្រុកស្នួល ខេត្តក្រចេះ ។ ប៉ុន្តែឧកញ៉ា គង់ ក្រឹង មិនមានវត្តមាននៅទីនោះទេ។

កន្លងមកនេះ គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជូនជនសង្ស័យចំនួន១៥នាក់ ទៅកាន់តុលាការ និងចំនួន២១នាក់ផ្សេងទៀតកំពុងតាមចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ខណៈយុទ្ធនាការបានកំពុងបន្តយ៉ាងសកម្មនិងយកចិត្តទុកដាក់បំផុតនៅទូទាំងប្រទេស៕