ភ្នំពេញ៖ ក្រោយពីអតីតតារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុករបស់នាងពីករណីបុរសជាមន្ត្រីយោធាម្នាក់បានប្រមាថ នាងថា ស្រីផិតប្តី និងជេរនាងតាមការ Call វីដេអូផងដែរ មហាជនមានការភ្ញាក់ផ្អើលខ្លាំង កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ ។ តារាស្រីរូបនេះបានសម្រេចចិត្តប្តឹងលើបុរសនោះជាផ្លូវការហើយ ដោយនាងស្នើឲ្យមានការស្វែងរកយុត្តិធម៌សម្រាប់នាងចំពោះការមាក់ងាយមួយនេះ ។

មុនពេលកើតហេតុ កាលពីរាត្រីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ អ្នកនាង ចន ច័ន្ទលក្ខិណា បាននិងកំពុងLiveលក់ផលិតផលលើបណ្តាញសង្គមហ្វេសប៊ុក កាលពីរាត្រីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្រាប់តែលេចមុខបុរសម្នាក់មានគណនីយហ្វេសប៊ុក ឈ្មោះ “អ៊ូ រិទ្ធីតាខ្មៅ” បានចូលមកComment ពាក្យថា មនុស្សស្រីផិតប្តី រហូតធ្វើឲ្យអតីតតារាស្រីរូបនេះឈឺចិត្តជាខ្លាំង ហើយបានព្យាយាមទាក់ទងតាមការហៅ (Call) ជាវីដេអូទៅកាន់បុរសម្នាក់នេះ ដើម្បីសួរនាំ។

តែមិនទាំងបានសួរនាំអ្វីផង បុរសម្នាក់នេះ ថែមទាំងជេរដោយពាក្យ អសុរោះ បន្ថែមទៀត ដែលធ្វើឲ្យនាងកាន់តែខឹងសម្បាជាខ្លាំងរហូតសម្រេច Live ហ្វេសប៊ុកបន្តទាំងយប់ ដើម្បីឲ្យមហាជនមានការដឹងឮ ដោយនាងទាមទារនូវយុត្តិធម៌សម្រាប់រូបនាងផងដែរ ។
អតីតតារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ រូបនេះបានស្នើឲ្យស្ថាប័នពាក់ព័ន្ធជួយស្វែងរកយុត្តិធម៌សម្រាប់រូបនាង ខណៈដែលបុគ្គលរូបនេះបានជេរប្រមាថទាំងនាងមិនបានពាក់ព័ន្ធ ឬបញ្ចេញសកម្មភាពអ្វីក្រៅតែពីការLive លក់ផលិតផលនោះឡើយ ហើយនាងបញ្ជាក់ថា៖ “បើគ្មានយុត្តិធម៌មកលើខ្ញុំទៀតទេ ខ្ញុំអស់ជំនឿហើយ” ។


ជាមួយគ្នានេះដែរ តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោក ហេង ឡុង បានប្រកាសថា សមាគមសិល្បករខ្មែរ សម្រេចប្តឹងបុគ្គលឈ្មោះ អ៊ូ រិទ្ធី ដែលបានជេរប្រមាថមកលើកអ្នកនាងចន ច័ន្ទលក្ខិណា ហើយលោករង់ចាំមើលថា តើក្រសួងការពារជាតិ និងចាត់វិធានការយ៉ាងណាចំពោះបុគ្គលរូបនេះ? ៕