ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ដែលបណ្ដាញព័ត៌មានចុះផ្សាយព្រោងព្រាតថា គាត់បានទៅលបមើល ឃើញប្រពន្ធកំពុងឡើងឋានសួគ៌ជាមួយប្រុសថ្មីនៅនឹងភ្នែក នៅក្នុងហាងម៉ាស្សា មួយកន្លែង ធ្វើឲ្យគាត់តូចចិត្តទ្រហោយំស្ដាយស្រណោះ និងយកស្បែកជើងវាយក្បាលខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ នៅក្នុងហាងម៉ាស្សាយីហោ « ម៉ាស្សាកោសជប់៥៩» នៅជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យទី២នោះ ស្រាប់តែនៅវេលាម៉ោង១២ថ្ងៃត្រង់ទី២ ខែសីហា ឆ្នាំ២០១៩ នេះ ស្ត្រីជាប្រពន្ធបានមកដល់ស្នាក់ការអង្គភាពព័ត៌មាន ដោយសុំធ្វើការបដិសេធថា រឿងរ៉ាវដែលរបស់នាងបានធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីយប់មិញនេះ មិនមែនជាការពិតទេ ។


ស្រីជាប្រពន្ធ ឈ្មោះ លីន បានបដិសេធទាំងអួលដើម.កថា នាងមិនបានដេកជាមួយភ្ញៀវ ដូចជាប្តីដែលស្រវឹងហើយមកយំឡាំប៉ារៀបរាប់នោះទេ ព្រោះពេលកើតហេតុ ផ្ទះមីងរបស់នាង (ហាងម៉ាស្សាយីហោ « ម៉ាស្សាកោសជប់៥៩» ) បានបិទទ្វាតាំងពីក្បាលល្ងាចមកម្ល៉េះ នាងមិនបានដេកជាមួយប្រុសណាម្នាក់ដូចប្តីចោទនោះទេ ។

ម្យ៉ាងពេលនោះ ប្តីនាងផឹកស្រវឹងវង្វេងស្មារតីលែងដឹងខុសត្រូវ ចង់តែល្បីខុសរឿង ហើយមកអុកឡុកមកស្រែកយំសោកបោកខ្លួននៅខាងមុខផ្ទះមីងរបស់នាង ហើយនាងជាប្រពន្ធ ក៍មិនបានចេញមកជួបប្ដីដែរ ព្រោះដឹងថាស្រវឹងខ្លាំងដល់ថ្នាក់នេះ ទោះនិយាយ ក៏ស្តាប់គ្នាមិនបាន ពេលនោះមីងរបស់នាងបានស្រែកប្រាប់ឲ្យប្ដីនាងទៅផ្ទះទៅ តែប្តីនាងមិនស្តាប់ គិតតែយំស្រែកអុកឡុកនិយាយបំផ្លើសប្រាប់គេថា ប្រពន្ធខ្លួនដេកជាមួយភ្ញៀវទៅវិញ និងប្រាប់ថាគេចង់ល្បី ថែមទាំងយកស្បែកជើង និងអំបោសមកវាយក្បាលខ្លួនឯងទៀត ។


លុះព្រឹកឡើង ក្រោយពីឃើញបណ្ដាញព័ត៌មានចុះផ្សាយព្រោងព្រាតថា ប្ដីនាងបានទៅលបមើល ឃើញនាងកំពុងឡើងឋានសួគ៌ជាមួយប្រុសថ្មីនៅនឹងភ្នែក នៅក្នុងហាងម៉ាស្សា មួយកន្លែង ធ្វើឲ្យគាត់តូចចិត្តទ្រហោយំស្ដាយស្រណោះ និងយកស្បែកជើងវាយក្បាលខ្លួនឯង ទើបមកសុំបំភ្លឺការពិតថា រឿងនេះមិនពិត ដូចការចោទប្រកាន់របស់ប្ដីនាងទេ ។


ស្រ្តីជាប្រពន្ធ បានបញ្ជាក់ថា នាងនិងប្តីបានទាក់ទងស្រឡាញ់គ្នាជាប្ដីប្រពន្ធ រយៈពេល៥ ទៅ៦ឆ្នាំមកហើយ ដោយកាលស្នេហ៍គ្រាដំបូង ខាងប្តីសុខចិត្តទទួលធ្វើជាប្រពន្ធ ទោះបីនាងធ្វើការងារអីក៏ដោយ ព្រោះការស្រឡាញ់និងអាណិត តែឪពុកម្តាយខាងប្ដីមិនពេញចិត្ត ពួកនាងក៏បានបង្ខំចិត្តពង្រាត់គ្នារហូតមានកូនក្នុងផ្ទៃ លុះត្រឡប់មកវិញឪពុកម្តាយខាងប្ដីបង្ខំឲ្យនាងយកកូនចេញ តែនាងមិនព្រម ឪពុកម្តាយ និងក្រុមគ្រួសារខាងប្ដីនាំគ្នាត្មិះតិះដៀលនាងគ្រប់បែបយ៉ាង ថែមទាំងធ្លាប់បង្ខំឲ្យប្តីនាងបោះបង់នាងចោល ទៅរៀបការជាមួយស្រីផ្សេងទៀត តែប្តីនាងមិនព្រម ។

លុះក្រោយមកទៀត ប្តីនាងគិតតែដើរផឹកស៊ី លេងល្បែង ដៀលនាងថាសុទ្ធតែស្រីសំផឹង និងប្រច័ណ្ឌរករឿងនាង ពេលលេងហ្វេសប៊ុកជាមួយអ្នករាប់អានគ្នាធម្មតាទៀត និងធ្លាប់ធ្វើកិច្ចសន្យាមុខអាជ្ញាធរមូលដ្ឋានផងដែរ ថាបញ្ឈប់ការឈ្លោះគ្នា ឈប់ផឹកស៊ី ឈប់លេងល្បែង ឈប់មើលងាយនាងជាប្រពន្ធ បើមិនកែ នាងជាប្រពន្ធនឹងចុះចេញដោយខ្លួនឯង ហើយនាងថែមទាំងអង្វរប្ដីថា យើងមានប្រពន្ធហើយ កុំដើរផឹកស៊ី លេងល្បែងខ្លាំងពេក តែប្តីនាងបោះពាក្យសម្តីមកវិញថា ត្រឹមសម្បត្តិស្រីសំផឹង មកប្រដៅអញធ្វើអ្វី សូម្បីឪពុកម្តាយគេ មិនស្តាប់ផង និងបានដៀលត្មេះនាងសព្វគ្រប់បែបយ៉ាង តែនាងស៊ូទ្រាំរហូតមានកូន២ តែពេលនេះនាងឆ្អែតហើយ ទោះមកអង្វរឬធ្វើឲ្យអាណិតយ៉ាងណា ក៏នាងលែងទន់ចិត្តទៀតដែរ។
ជាចុងក្រោយ ស្រ្តីជាប្រពន្ធ សូមមហាជនកុំកាត់ក្តី កុំស្ដាប់សម្តីតែម្ខាងៗ ហើយជួយវែកញែកពិវារណាមើលផងថា តើប្រពន្ធខុស ឬក៏ប្តីខុស?។

សូមរម្លឹកថា កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ នៅមុខហាងម៉ាស្សាយីហោ « ម៉ាស្សាកោសជប់៥៩» នៅជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានអ្នករត់ម៉ូតូកង់បី ម្នាក់បានយំស្រែករៀបរាប់ស្ដាយស្រណោះ ថា ខ្លួនទៅលបមើល ឃើញប្រពន្ធកំពុងឡើងឋានសួគ៌ជាមួយប្រុសថ្មីនៅនឹងភ្នែក ហើយយកស្បែកជើងវាយក្បាលខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បុរសជាប្តីនោះ ឈ្មោះ អុល ពេជ្រ អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ចំណែកប្រពន្ធឈ្មោះ ស្រី និច អាយុ២៣ឆ្នាំ មុខរបរបម្រើសេវាម៉ាស្សាកោសជប់នៅទីតាំងខាងលើ ។បុរសជាប្តីបានយំរៀបរាប់ថា គាត់និងប្រពន្ធគាត់មិនបានរៀបការពេញច្បាប់ទេ តែបងប្អូននិងឪពុកម្ដាយទាំងសង្ខាងបានដឹងឮទាំងសងខាង រហូតមានកូន ដល់ទៅ២នាក់ ។

បុរសជាប្តីបញ្ជាក់ថា ពីមុនមក ប្រពន្ធគាត់ធ្លាប់ធ្វើការជានារីកោសជប់ម៉ាស្សា តែគាត់មិនប្រកែប្រកាន់អ្វីទេ គឺសុខចិត្តចាប់ដៃគ្នាជាប្តីប្រពន្ធ រហូតដល់មានកូនចំនួន២នាក់ (កូនបងអាយុ៤ឆ្នាំ និងកូនប្អូនទើបតែអាយុបានបួនខែ) ជាចំណងដៃទៀតផង ។

ប៉ុន្តែ ដោយសារជីវភាពខ្វះខាត ទើបប្រពន្ធគាត់សុំមកធ្វើជានារីម៉ាស្សាកោសជប់វិញ ដើម្បីរកលុយចិញ្ចឹមគ្រួសារ ដោយនាងស្នាក់នៅក្នុងហាងម៉ាស្សានោះតែម្ដង ។ ចំណែករូបគាត់ខំប្រឹងតស៊ូរត់ម៉ូតូកង់បី រកចំណូលបន្ថែមជួយផ្គត់ផ្គង់គ្រួសារ។

បុរសជាប្ដីបានបន្តថា មុនពេលកើតហេតុ រូបគាត់ត្រឡប់មកពីរត់ម៉ូតូកង់បី បានចូលទៅហាងម៉ាស្សា ដែលជាកន្លែងប្រពន្ធធ្វើការ ដើម្បីយកលុយដែលគាត់រត់ម៉ូតូកង់បី ឲ្យប្រពន្ធទុក។

ខណះមកដល់ មិនឃើញប្រពន្ធនៅជាន់ខាងក្រោម រូបគាត់ក៍ឡើងទៅបន្ទប់នៅជាន់ទី២ លុះបើកទ្វារចូលទៅ ស្រាប់តែឃើញប្រពន្ធកំពុងតែរួមរ័កជាមួយភ្ញៀវយ៉ាងត្រេកត្រអាល ធ្វើឲ្យគាត់ស្រឡាំងកាំង ស្ទើរគាំងបេះដូងស្លាប់នៅនឹងកន្លែង តែខំទប់ចិត្តចុះមកក្រោមទាំងរន្ធត់ក្តុកក្តួល ហើយគាត់បានយកសោមកចាក់ទ្វារពីក្រៅ ដើម្បីឃាត់បុរសដែលរួមរ័កជាមួយប្រពន្ធគាត់នោះទុក ដើម្បីសួរនាំរកហេតុផល តែភ្លាមៗនោះ ប្រពន្ធរបស់គាត់បានចុះមកតាម ហើយឲ្យគាត់ដោះសោទ្វារចេញ ដើម្បីឲ្យបុរសជាដៃគូនោះ ចេញទៅក្រៅវិញ ហើយគាត់ក៏មិនបានរករឿងបុរសម្នាក់នោះដែរ ដោយបានបើកទ្វារគេចេញទៅតាមសម្រួល ។

បុរសជាប្ដីបានបន្តទៀតថា ពេលបុរសជាភ្ញៀវនោះចេញក្រៅបាត់ ប្រពន្ធគាត់ក៏បិទទ្វារបិត និងដាក់គន្លឹះទ្វារចូលទៅសម្ងំខាងក្នុងវិញបាត់ ដោយមិននិយាយស្តីអ្វីជាមួយគាត់មួយមាត់ឡើយ ធ្វើឲ្យគាត់តូចចិត្តនឹងខ្លួនឯង ក៍យំសោកបោកខ្លួននៅមុខកន្លែងកើតហេតុតែម្នាក់ ថែមទាំងយកស្បែកជើងវាយក្បាលខ្លួនឯង និងជេរខ្លួនឯងថា អាវែកៗៗ បង្កជាការភ្ញាក់ផ្អើលដល់ក្រុមអ្នកយកព័ត៌មានយកទៅចុះផ្សាយព្រោងព្រាត៕