ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបានរៀបចំពិធីកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ ការងារត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយរបស់ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូអមដំណើរមន្ត្រីរាជការមន្ទីរអង្គភាពនានាជុំវិញខេត្តចំនួន ៣៥១នាក់។

នៅក្នុងឱកាសនោះដែរឯកឧត្តម ជា សុមេធី អភិបាលខេត្តបានលើកឡើងថា ដោយគិតត្រឹមឆមាសទី១ ឆ្នាំ២០១៩នេះ ខេត្តព្រៃវែង បានជួបប្រទះនូវគ្រោះមហន្តរាយផ្សេងៗ ដែលបង្កដោយមនុស្ស និងដោយធម្មជាតិដូចជា៖ រាំងស្ងួត ខ្យល់កន្ត្រាក់ អគ្គីភ័យ ដែលធ្វើឲ្យផលប៉ះពាល់ ខូចខាតទ្រព្យសម្បត្តិ ផ្ទះ សម្បែង និងការបាត់បង់អាយុជីវិត មនុស្ស សត្វ។

ជាក់ស្តែងមកទល់ពេលនេះ ខេត្តទទួលរងគ្រោះមហន្តរាយរួមមានដូចជា៖ គ្រោះរាំងស្ងួត ប្រជាពលរដ្ឋខេត្តព្រៃវែង បានជួបប្រទះនូវកង្វះខាតទឹកប្រើប្រាស់ក្នុងគ្រួសារ និងទឹកស្រោចស្រពសម្រាប់បង្កបង្កើនផលស្រូវប្រាំង និងស្រូវវស្សានេះសរុបចំនួន ១៤.៧១៥ ហិកតា ខូចខាតស្រូវអស់ចំនួន ២០ ហិកតា ក្រៅពីនេះ អាជ្ញាធរខេត្ត ក្រុង ស្រុក បានអន្តរាគមន៍ និងជួយកសិករម្ចាស់ការបានទាន់ពេលវេលាដៅយប្រើប្រាស់ម៉ាស៊ីនបូមទឹករបស់មន្ទីរធនធានទឹកខេត្ត ហើយដោយសារមានភ្លៀងបានធ្លាក់ចាប់ពីថ្ងៃទី១៧ ខែកក្កដាថ្មីៗនេះផង ដែលធ្វើអោយស្រូវរបស់ប្រជាកសិករចាប់លូតលាស់ឡើងវិញ។ ខ្យល់កន្ត្រាក់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៩៩៦ខ្នង ដែលមានរបើកដំបូល ឫជញ្ជាំង ចំនួន ៧៨៧ ខ្នង និងរលំទាំងស្រុង ១០៧ ខ្នង និងអគ្គីភ័យដែលបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ២៣ខ្នង។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្តព្រៃវែង នាពេលកន្លងមក និងសូមចូលរួមសោកស្ដាយចំពោះ ការបាត់បង់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋដោយសារខ្យល់កន្ត្រាក់រលំផ្ទះនេះផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សូម ណែនាំដល់អភិបាលខេត្តត្រូវបន្តខិតខំ អនុវត្តការងារមានដូចជាបន្តពង្រឹងរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ក្រុង ថ្នាក់ឃុំ និងសង្កាត់ ។

ធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការងារគ្រប់គ្រងគ្រោះភ័យនៃគ្រោះមហន្តរាយ ទៅក្នុងគ្រប់វិស័យទាំងរដ្ឋនិងវិស័យឯកជន ។ សហការជាមួយសាខាកាកបាទក្រហមខេត្ត តាមដាន និងដើម្បីឆ្លើយតបគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានក្នុងខេត្ត ឲ្យបានទាន់ពេលវេលា ។
ជម្រុញគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក ឲ្យយកចិត្តទុកដាក់លើមុខសញ្ញា ដែលងាយរងគ្រោះដូចជា កុមារតូចៗ ចាស់ជរា ជនពិការ…ជាដើម ក្នុងការត្រៀមជួយសង្គ្រោះ និងរកទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋងាយរងគ្រោះ ។

ស្វែងរកដៃគូរ ដើម្បីអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ។