ខេត្តត្បូងឃ្មុំ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានដើរទៅបោចស្មៅនៅមុខផ្ទះ តែមិនប្រយ័ត្នទៅប៉ះនឹងមុខតំណខ្សែភ្លើងម៉ូទ័របូមទឹក បណ្តាលឲ្យចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឲ្យកូនចៅរន្ធត់ចិត្តយំក្តុកក្តួលជាពន់ពេក ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះជនរងគ្រោះភូមិវាលកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ ។


ស្រ្តីរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់នេះ មានឈ្មោះសុខ យ៉ាក ភេទស្រី អាយុ៦៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំ លើតហេតុខាងលើ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះ បានដើរបោចស្មៅតែម្នាក់ឯង នៅចំណុចកើតហេតុ តែខ្វះការប្រុងប្រយ័ត្នទៅប៉ះនឹងមុខតំណខ្សែភ្លើងម៉ូទ័របូមទឹក បណ្តាលឲ្យចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឲ្យកូនចៅរន្ធត់ចិត្តយំក្តុកក្តួលសជាពន់ពេក និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍តែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញនគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ ពេទ្យមណ្ឌលសុខភាពបាន ចុះទៅពិនិត្យសពស្រ្តីរងគ្រោះ រួចធ្វើការសន្និដ្ឋានថា ស្រ្តីរងគ្រោះពិតស្លាប់ដោយចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីឡើយ ហើយបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕