ខេត្តកណ្តាល៖ ប្តីប្រពន្ធ២នាក់ ខណៈដែលកំពុងដេកលង់លក់ ស្រាប់តែភ្លើងឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យពួកគេរត់ចេញមកក្រៅមិនរួច ត្រូវភ្លើងឆេះស្រ្តីជាប្រពន្ធរោលខ្លោចស្លាប់គួរឲ្យសង្វេគ និងបុរសជាប្តីរងរបួសធ្ងន់ ដែលករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង២ និង៤០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ។


ជនរងគ្រោះដែលត្រូវភ្លើងឆេះស្លាប់ មានឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ (ជាប្រពន្ធ) ចំណែក បុរសជាប្តី មានឈ្មោះវ៉េង វិរៈ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសធ្ងន់ ។ ជនរងគ្រោះ ទាំង២នាក់ប្តីប្រពន្ធ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ខូចខាតផ្ទះ ១ខ្នងទំហំ៩ម៉ែត្រ គុណនឹង៥ម៉ែត្រ (ឆេះអស់៥០ភាគរយ) និងសម្ភារក្នុងផ្ទះមួយចំនួន។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ប្តីប្រពន្ធបានដេកនៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះដូចរាល់ដង។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានភ្លើងឆាបឆេះក្នុងបន្ទប់កន្លែងដេក បណ្តាលឲ្យស្រ្តីជាប្រពន្ធស្លាប់នៅកន្លែងដេក និងបុរសជាប្តីរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ។ ពេលនោះមានប្រជាពលរដ្ឋ ដែលមានផ្ទះនៅជិតខាងបាននាំគ្នាមកជួយពន្លត់ភ្លើង រហូតរលត់ទៅវិញ តែគួរឲ្យស្តាយមិនអាចជួយសង្គ្រោះជីវិតស្រ្តីរងគ្រោះបានឡើយ។


ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញស្រុកបានចុះដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍និងពន្លត់ភ្លើង ជាមួយប្រជាពលរដ្ឋ ។
ជុំវិញនឹងករណីអគ្គិភ័យនេះ សមត្ថកិច្ចជំនាញថ្នាក់ខេត្ត ចុះពិនិត្យសហការជាមួយស្រុកផ្នែកជំនាញពិនិត្យ តែសេចក្ដីសន្និដ្ឋានយ៉ាងណានោះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ជាផ្លូវការទេ រង់ចាំធ្វើការស្រាវជ្រាវបន្ថែមទៀត៕