ខេត្តឧត្ដរមានជ័យ៖ ស្រ្តីជាម្ដាយដែលដាក់ច្រវាក់កូនក្រមុំមានផ្ទៃពោះ៣ខែជាមួយគូដណ្ដឹង បង្ខាំងនៅផ្ទះមេប៉ុស្ដិ៍ ព្រោះចង់បំបែកចេញពីគូដណ្ដឹង បង្ខំឲ្យនាងទៅរៀបការជាមួយអ្នកផ្សេងម្នាក់ទៀតនៅក្រុងភ្នំពេញនោះ ត្រូវកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានឃាត់ខ្លួនហើយ កាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។
ជនសង្ស័យជាម្ដាយ ឈ្មោះហៀង ម៉ុម ភេទ ស្រីអាយុ ៤៦ឆ្នាំ មានទីលំនៅ នៅភូមិឃុំខាងលើ។


សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនស្រ្ដីខាងលើធ្វើឡើងតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ដែលបានជាប់ពាក់ព័ន្ធក្នុងករណី បង្ខាំងមនុស្សដោយខុសច្បាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៥.០០នាទី ប្រព្រឹត្តទៅលើកូនស្រីបង្កើតឈ្មោះ ស៊ុ ស្រីនិច អាយុ១៩ឆ្នាំ ។


ក្រោយពីសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់កូនស្រីឈ្មោះ ស៊ុ ស្រីនិច ដាក់ច្រវាក់ពិតប្រាកដមែន តែពុំបានវាយដំទៅលើកូននោះឡើយ ដោយមូលហេតុមិនចង់ឲ្យកូនស្រីទៅរួមរស់នៅជាមួយគូដណ្តឹងមុនថ្ងៃរៀបការតែប៉ុណ្ណោះ ។
តែយ៉ាងណា ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់ដែរ។


គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ នារីរងគ្រោះ ឈ្មោះ ស៊ុ ស្រីនិច បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលស្រុក ជួយរកយុត្តិធម៌ ដោយនាងបានអះអាងថា ក្រោយនាងភ្ជាប់ពាក្យជាមួយគូដណ្តឹងបាន១ថ្ងៃ ត្រូវម្ដាយបង្កើតចាប់ចង និងដាក់ច្រវាក់បង្ខាំងនៅក្នុងផ្ទះមេប៉ុស្តិ៍នគររដ្ឋបាលបាក់អន្លូង ដែលត្រូវជាដន្លង ព្រោះតែចង់បំបែកចេញពីគូដណ្ដឹងរបស់នាងឲ្យទៅយកប្តីផ្សេងម្នាក់ទៀតនៅក្រុងភ្នំពេញ តែនាងប្រកែកមិនព្រមទទួលយកប្តីផ្សេងនោះដាច់ខាត ទោះស្លាប់ក៏នាងមិនអាចបែកគ្នាជាមួយបុរសជាគូដណ្ដឹងរបស់នាងបានដែរ ព្រោះនាងបានទុំមុនស្រគាល រហូតដល់មានផ្ទៃពោះ៣ខែជាមួយគ្នាទៅហើយ ៕