ភ្នំពេញ៖ ក្រោយធ្វើការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេល៦ថ្ងៃ កម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការចុះបង្ក្រាប ចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន២នាក់ប្ដីប្រពន្ធទើបចេញពីគុកមិនទាន់បាន២សប្ដាហ៍ផង និងដកហូតថ្នាំញៀនចំនួន ៥កញ្ចប់ធំ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះល្វែងជួល ក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

លោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ិច ប៊ុនសេង ហៅម៉ាប់ អាយុ៣០ឆ្នាំ និងប្រពន្ធ ឈ្មោះសុខ ធាវី អាយុ៥០ឆ្នាំ ជាមុខសញ្ញាជួញដូរគ្រឿងញៀនចាស់ ទើបតែចេញពីពន្ធនាគារកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ ស្នាក់នៅផ្ទះ ជួលភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។


បន្ទាប់ពីទទួលបានព័ត៌មានពីករណីជួញដូរគ្រឿងញៀនខាងលើនេះ លោកបានដឹកនាំកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ ធ្វើការស៊ើបអង្កេតស្រាវជ្រាវ អស់រយៈពេល៦ថ្ងៃ ទើបកំណត់មុខសញ្ញាច្បាស់លាស់ រួចក៏ឈានដល់បើកប្រតិបត្តិការចុះបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀន២នាក់ប្ដីប្រពន្ធ ភ្លាមៗតែម្ដង និងបានដកហូតថ្នាំញៀនចំនួន៥កញ្ចប់ធំ ផងដែរ។


ជនសង្ស័យបានសារភាពថា ពួកគេទើបតែចេញពីពន្ធនាគារនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ និងបានទទួលស្គាល់ថា គ្រឿងញៀនចំនួន ៥កញ្ចប់ធំនេះ គឺជារបស់ខ្លួនពិតប្រាកដមែន។ ជនសង្ស័យរួមទាំងគ្រឿងញៀនជាវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សួរនាំ និងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ៕