ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍រន្ធត់មួយបានកើតឡើង រវាងរថយន្តតូចធំចំនួន៥គ្រឿង និងម៉ូតូ១គ្រឿង បណ្តាលឲ្យមានអ្នករបួសចំនួន៥នាក់ ក្នុងនោះមានព្រះសង្ឃ១អង្គផងដែរ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៥ និង២០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតនៅភូមិចេតីយ៍ថ្មី ឃុំវិហារលួង ស្រុកពញាឮ ។


សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាកTOYOTA 4RUNNER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-5299 បើកបរក្នុងទិសដៅពីកើត ទៅលិច (ភ្នំពេញ-បាត់ដំបង) បើកបរដោយឈ្មោះឈុំ កំសាន្ត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ១៦ ផ្លូវ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ (របួសស្រាល)។

លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបើកឡើងវ៉ាជែងម៉ូតូ១គ្រឿង និងរថយន្តធំ២គ្រឿង ដែលកំពុងបើកបរនៅខាងមុខ ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចូលទៅក្នុងចំណែកផ្លូវនៃយានយន្តផ្ទុយទិស ក៏ជ្រុលទៅបុកជាមួយរថយន្តម៉ាក HYUNDAI ពណ៌សលាយបៃតង ពាក់ស្លាកលេខ តាកែវ 3A-2529 បើកបរមានទិសដៅពីលិចទៅកើត (បាត់ដំបង-ភ្នំពេញ) (អ្នកបើកបររត់គេចខ្លួន) ហើយរថយន្តម៉ាក4RUNNER នោះក៏រេចង្កូតមកទទឹងផ្លូវរបស់ខ្លួនវិញ បណ្តាលឲ្យរថយន្តម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2446 បើកបរដោយឈ្មោះឌី វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ-ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ជាន់ហ្វ្រាំងមិនទាន់បុករថយន្តនោះក្រឡាប់លើទ្រូងផ្លូវ រីឯរថយន្តម៉ាកHYUNDAI ពណ៌សលាយបៃតង ពាក់ស្លាកលេខ តាកែវ 3A-2529 ។


ប្រភពបន្តថា ពេលនោះ រថយន្តម៉ាកHYUNDAI បានរេចង្កូតមកឆ្វេងដៃ បណ្តាលឲ្យបុករះ រថយន្តម៉ាកHYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-2823 បើកបរដោយឈ្មោះស៊ិន យឿង ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅផ្ទះលេខ៣១ ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រួចបុកម៉ូតូម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ2015) ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1V-9456 បើកបរដោយឈ្មោះនង វៃ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (ពាក់មួកសុវត្ថិភាព ,របួសធ្ងន់ បាក់ជើងឆ្វេង) និងអ្នករួមដំណើរព្រះសង្ឃព្រះនាម សៅ ឡូញ ព្រះជន្ម៧០វស្សា គង់នៅវត្តដងទង់ ស្ថិតក្នុងភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល(រងរបួសធ្ងន់ បាក់ដៃឆ្វេង)។

រួចបន្តទៅបុករថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-0150 បើកបរដោយឈ្មោះម៉ាន យ៉េប ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្វាយក្រោម ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (រងរបួសស្រាល) និងអ្នករួមដំណើរម្នាក់ ឈ្មោះ អែល យ៉ុម ភេទស្រី អាយុ៦១ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា (រងរបួសស្រាល)។


+ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនជនរងគ្រោះទាំងអស់នៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសសង្រ្គោះជីវិត។ បន្ទាប់មកធ្វើការវាស់វែង និងកំណត់ហេតុយកយានយន្តទាំងអស់មករក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕