ខេត្តរតនគិរី ៖ រយៈពេល​២​ថ្ងៃ កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​វ៉ើ​ន​សៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​វ៉ើ​ន​សៃ បាន​ចុះ​រឹបអូស​ឈើ​កកោះ​ចំនួន​៣២​សន្លឹក និង​ឈើ​ធ្នង់​ចំនួន​១០៨​ដុំ ។

លោក​ឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា ស្នងការ​រង​ទទួល​ផែន ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ ចុះ​រុករក​ប្រទះ​ឃើញ​គំនរ​ឈើ​កកោះ​ចំនួន​៣២​សន្លឹក ដែល​ក្រុម​ឈ្មួញ​គរ​លាក់​ទុក​ក្នុង​ព្រៃ ស្ថិត​ក្នុងភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វ៉ើ​នៃ កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ម្សិលមិញ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​មានការ​សម្របសម្រួល​ពី​លោក លាង អ៊ូ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តរតនគិរី កម្លាំង​របស់​លោក​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​វ៉ើ​ន​សៃ បាន​ចុះ​ឆែកឆេរ​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ ដែល​មាន​ម្ចាស់​ឈ្មោះ ស៊ី​ង ប៊ុត​ស៊ី អាយុ​៣០​ឆ្នាំ ជនជាតិ​ឡាវ រឹបអូស​ឈើ​ធ្នង់​បាន​ចំនួន​១០៨​ដុំ ។

បច្ចុប្បន្ន​វត្ថុ​តាង​ទាំងអស់ ដឹក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វើ​ន​សៃ រួច​បាន​ប្រគល់​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត ៕