ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តបុករ៉ឺម៉កកង់៣ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ពេលកម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ បែរជារកឃើញគ្រឿងញៀនជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាម ។

ហេតុកាណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នំា២០១៩ នៅចំណុចផ្លូវលេខ១៥៤ ទល់មុខរោងកុនលុច្ស ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
ជនជាតិចិន ជាអ្នកបើកបររថយន្ត និងជាម្ចាស់គ្រឿងញៀន ឈ្មោះ អៅ មីង ភេទប្រុស អាយុ៣០ឆ្នាំ ។
មុនពេលកើតហេតុ បុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក LEXUS ធុនកណ្តាល ពណ៌ខ្មៅ ពាក់ផ្លាក លេខ ភ្នំពេញ 2AW-4332 បានបើកទៅបុកម៉ូតូកង់បីមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយព្យាយាមបើករត់គេច ។

ភ្លាមនោះកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ ដោយបានឃាត់ខ្លួនជនបង្កជាជនជាតិចិននោះ ព្រមទាំងរថយន្តផងដែរ ស្រាប់តែឃើញនៅក្នុងរថយន្តរបស់ជនបង្កមានការបូបយួរមួយ ក្នុងនោះមានកញ្ចប់កាហ្វេចំនួន៦ដុំ ។ ដោយមានការសង្ស័យ សមត្ថកិច្ចបានហែកមើល ឃើញមានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតាសញ្ញាក្បាលខ្មោចច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន ក៍បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្ត លទ្ធផលបង្ហាញឲ្យឃើញថា កញ្ចប់កាហ្វេចំនួន៦ដុំនោះ ជាថ្នាំញៀនប្រភេទ M.A /M.D (អិចស្រ្តាស៊ី) ថ្នាំគ្រវី ។

ក្រោយមក សមត្ថកិច្ចបានសួរចម្លើយ និងពន្លាតដែនសមត្ថកិច្ចបន្តធ្វើការឆែកឆេរដល់លំនៅដ្ឋានជនសង្ស័យ ស្ថិតនៅខណ្ឌច្បារអំពៅ បន្តទៀត តែរកមិនឃើញអ្វីពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ ។
តែយ៉ាងណា ជនសង្ស័យមិនបានប្រាប់អំពីបក្ខពួកទេ ទើបសមត្ថិច្ចបានធ្វើកំណត់ហេតុ ដកហូតថ្នាំញៀនប្រភេទអិចស្តាស៊ីចំនួន ១១,៦៨០គ្រាប់ ទម្ងន់ជាង៦គីឡូក្រាម និងសួរចម្លើយជនសង្ស័យ ដើម្បីបន្តស្រាវជ្រាវរកបក្ខពួក និងវត្ថុតាងបន្ថែមទៀត៕