ភ្នំពេញ៖ កាលពីវេលាម៉ោង៤ និង២០នាទីល្ងាច ថ្ងៃទី០៣ ខែមិនថុនា ឆ្នាំ២០១៩ មានភ្លៀង១មេលាយឡំខ្យល់កន្រ្តាក់បានបក់បោកដំបូលឃ្លាំងក្រុមហ៊ុនផែស្ងួតមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស ភូមិទួលពង្រ សង្កាត់ចោមៅ១ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យប៉ើងដំបូលស័ង្កសីមួយផ្ទាំង ហោះទៅទើរលើខ្សែកាប្លិ៍ភ្លើង ព្រមទាំងដាច់និងទុរស្សេចរន្តអគ្គិសនីបែកផ្កាភ្លើង ធ្វើឲ្យពលរដ្ឋរស់នៅទីនោះ និងអ្នកធ្វើដំណើរឆ្លងកាត់ មានការភិតភ័យព្រលឹងចេញស៊ីព្រលិត។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងធ្លាក់១មេលាយឡំជាមួយនឹងខ្យល់កន្រ្តាក់ផង ធ្វើឲ្យពលរដ្ឋរស់នៅទៅនោះ មិនហ៊ានចេញក្រៅផ្ទះឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់ខ្លួន ស្រាប់តែឃើញឃ្លាំងផែស្ងួតខាងលើ ត្រូវកម្លាំងខ្យល់បក់ប៉ើងដំបូលហោះទៅទើរលើខ្សែកាប្លិ៍ភ្លើង បណ្ដាលឲ្យដាច់ខ្សែភ្លើងទុរស្សេបែកផ្កាភ្លើង គួរឲ្យខ្លាច។

ក្រោយកើតហេតុ ដោយសារមានខ្សែភ្លើងដាច់រញ៉េរញ៉ៃ និងទុរស្សេចរន្តបែកផ្កាភ្លើងខ្លាំងពេក ខ្លាចមានគ្រោះថ្នាក់ដល់អ្នកដំណើរឆ្លងកាត់ ទើបអាជ្ញាធរសម្រេចបិទផ្លូវនោះជាបណ្ដោះអាសន្ន រហូតមានមន្ត្រីអគ្គិសនីមកផ្តាច់ចរន្តអគ្គិសនី ទើបអាជ្ញាធរបើកផ្លូវនោះឲ្យធ្វើចរាចរណ៍វិញ។ តែយ៉ាងណា ក្នុងហេតុការណ៍ មិនមានប្រភពបញ្ជាក់ថា មានមនុស្សរងគ្រោះថ្នាក់ ឬស្លាប់ឡើយ៕