ខេត្តតាកែវ៖ ស្រ្តីវ័យចំណាស់ម្នាក់ ខណៈដែលកំពុងដេកលង់លក់ក្នុងបន្ទប់នៅវេលាយប់ស្ងាត់តែម្នាក់ឯង ស្រាប់តែមានសំឡេងមនុស្សប្រុសស្រែកហៅឲ្យភ្ញាក់ លុះពេលស្រី្តខាងលើបើកទ្វារ ស្រាប់តែមានជនល្មោភកាមម្នាក់ចូលទៅធ្វើសកម្មភាពចាប់រំលោភលោកយាយរងគ្រោះទាំងកំរោលរហូតសម្រេចកាមរបស់ខ្លួន ទើបរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតនៅភូមិស្វាយស ឃុំរាមអណ្ដើក ស្រុកគិរីវង់ ។
ស្រ្តីរងគ្រោះដែលត្រូវជនល្មោភកាមចាប់រំលោភ មានឈ្មោះ ប ម អាយុ៧៨ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ ។ ចំណែកជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណទេ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលស្រ្តីរងគ្រោះកំពុងដេកលង់លក់នៅក្នុងបន្ទប់ក្រោមផ្ទះរបស់ខ្លួនដូចសព្វដង ស្រាប់តែមានសំឡេងជនសង្ស័យបានស្រែកហៅស្ត្រីរងគ្រោះឲ្យបើកទ្វារ ខណ:នោះ ស្រ្តីរងគ្រោះបើកទ្វារចេញមកក្រៅ តែរកមើលមិនឃើញមនុស្សទេ គាត់ក៏ចូលទៅក្នុងបន្ទប់វិញ ស្រាប់តែជនសង្ស័យចូលនៅក្នុងបន្ទប់បាត់ទៅហើយ ព្រមទាំងធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈស្រ្តីរងគ្រោះទាំងកំរោលរហូតបានសម្រេច ព្រមទាំងដោះយកចិញ្ចៀន១វង់ លុយ៥ម៉ឺនរៀល របស់ស្រ្តីរងគ្រោះ រួចគេចខ្លួនបាត់ស្រមោល។

ប្រភពបន្តថា លុះព្រឹកឡើង ទើបស្រ្តីរងគ្រោះបានធ្វើដំណើរមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។ បន្ទាប់មក កម្លាំងសមត្ថកិច្ច ចុះត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ ដើម្បីប្រមូលភ័ស្ភុតាងឈានដល់កំណត់មុខសញ្ញាជនសង្ស័យ និងចាប់ខ្លួននាំមកផ្ដន្ទាទោសតាមច្បាប់៕