រាជធានី​ភ្នំពេញ ៖ ដោយ​ផ្អែក​លើ​ប្រភព​អគ្គិសនី​រួម​មាន រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​, ហ្គា​ស​, ប្រេង​ខ្មៅ និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​បញ្ជាក់​ថា ឆ្នាំ​ក្រោយ​មិន​មានរឿង​កង្វះ​អគ្គិសនី​ប្រើប្រាស់​ទៀត​ឡើយ ពោល​គឺ​គ្មាន​រឿង​ច្រំ​ដែល​នោះ​ទេ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ចំនួន​៣១៦១​នាក់ នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ។

សម្ដេច​តេ​ជោ ហ៊ុន សែន ចាត់​ទុក​ថា ការ​ខ្វះខាត់​អគ្គិសនី​ក្នុងឆ្នាំនេះ ក្លាយជា​បទ​ពិសោធន៍ និង​ផ្តល់​ជា​មេរៀន​យ៉ាងច្រើន សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ឆ្លងកាត់​មេរៀន​ទាំងនេះ សម្ដេច​តេ​ជោ​បញ្ជាក់​ថា នឹង​គ្មាន​បញ្ហា​ច្រំ​ដែល​នេះ កើតឡើង​ទៀត​ឡើយ​នៅ​ឆ្នាំ​ក្រោយ ។

សម្ដេច​តេ​ជោ ថ្លែង​ដូច្នេះ​ថា «​បទ​ពិសោធន៍​ឆ្នាំ​នេះ ផ្ដល់​មេរៀន​ឱ្យ​យើង ដូច្នេះ​ហើយ​បាន ជា​ការ​រៀបចំ​សម្រាប់​ឆ្នាំ​ក្រោយ គឺ​បាន​រៀបចំ​នូវ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម មាន​អានុភាព​ចំនួន​៣៧០​មេ​ហ្គា​វ៉ា​ត់ បាន​ដំណើរការ​រួចរាល់​ហើយ​ៗ​នៅ​សល់​រោងចក្រ​មួយទៀត មាន​អានុភាព​ចំនួន​១៣៥​មេ​ហ្គា​វ៉ា​ត់ ដែល​កំពុង​ខិតខំ​ដាក់​ឱ្យ​ដំណើរការ​ក្នុងថ្ងៃនេះ ។ ទីក្រុង​ភ្នំពេញ​យើង​ត្រូវ​ត្រៀម​អគ្គិសនី​ចំនួន​៤០០​មេ​ហ្គា​វ៉ា​ត់ ដែល​ឥឡូវ​បាន​អនុម័ត​ថវិកា​រួច​ហើយ ដើម្បី​ចាប់ផ្ដើម​បញ្ជា​ទិញ​ម៉ាស៊ីន ដោយ​ធ្វើ​យ៉ាងណា​រៀបចំ​ឱ្យ​ហើយ​នៅ​ខែតុលា​ខាង​មុខ ដែល​ក្នុង​នោះ​២០០​មេ​ហ្គា​វ៉ា​ត់ ទិញ​ពី​ប្រទេស​ហ្វាំ​ង​ឡង់ និង​២០០​មេ​ហ្គា​វ៉ា​ត់ ទិញ​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ដោយ​យក​មក​ដំឡើង​ត្រៀម​ទុក នូវ​ពេល​ដែល​វា​រី​អគ្គិសនី​បញ្ចេញ​ភ្លើង​មិន​គ្រប់ ។ ដូច្នេះ​ឆ្នាំ​ក្រោយ​ទីក្រុង​ភ្នំពេញ​គ្មាន​ហេតុផល ដែល​និយាយ​ថា ខ្វះ​អគ្គិសនី ហើយ​ត្រូវការ​ទិញ​ទៀត​នោះ​ទេ​» ។

សម្តេច​តេ​ជោ បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន កាលពី​ស​ប្តា​ហ៍​មុន​នេះ សម្តេច​បាន​ពិភាក្សា​ជាមួយ នាយក​រដ្ឋមន្ត្រី​ជប៉ុន ដើម្បី​ស្នើ​ដល់​រដ្ឋាភិបាល​ជប៉ុន​ឲ្យ​ជួយ​ដល់​កម្ពុជា លើ​បញ្ហា​ខ្វះខាត​អគ្គិសនី ដោយ​សុំ​ឲ្យ​ជប៉ុន​ផ្តល់​នូវ​ហិរញ្ញប្បទាន ដើម្បី​បន្ត​ការ​វិនិយោគ​លើ​បណ្តាញ​តង់ស្យុង​ខ្ពស់​៥០០​គីឡូវ៉ុល ចាប់ពី​ព្រំដែន​ឡាវ មក​ដល់​រាជធានី​ភ្នំពេញ ដែល​មាន​ចម្ងាយ​៣៥០​គីឡូម៉ែត្រ ព្រោះ​កម្ពុជា​បាន​ចរចា​ជាមួយ​ឡាវ​រួច​ហើយ ដោយ​ឡាវ​មាន​អគ្គិសនី​តែ​គ្មាន​ទីផ្សារ​ដើម្បី​បញ្ចេញ ។

សម្ដេច​តេ​ជោ បន្ថែម​ទៀត​ថា ជាង​នេះ​ទៀត ក៏​មាន​ម៉ាស៊ីន​មួយ​ចំនួន​កំពុង​តែ​តម្លើង​ផង​ដែរ ដូច​ជា​ក្រុម​ហ៊​ន​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី កំពុង​តម្លើង​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​អានុភាព​១៣៥​មេ​ហ្គា​វ៉ា​ត់ ដោយ​យក​ម៉ាស៊ីន ពី​ក្រុមហ៊ុន JE របស់​អាម៉េរិក យក​មក​ដំឡើង​ដោយ ក្រុមហ៊ុន តូ​ស៊ី​បា របស់​ជប៉ុន ។ ដូច្នេះ​យើង​ត្រូវ​មាន​ថាមពល​អគ្គិសនី​ដើរ​ដោយ​ទឹក នៅ​រដូវវស្សា ។ ហើយ​សម្រាប់​ខែប្រាំង យើង​ត្រូវ​មាន​ថាមពល​អគ្គិសនី ដើរ​ដោយ​ទឹក​ផង រួម​ជាមួយ ធ្យូងថ្ម ហ្គា​ស និង​ប្រេង​ខ្មៅ​ផង​ដែរ ។

សម្ដេច​តេ​ជោ គូសបញ្ជាក់​ថា ផែនការ​អគ្គិសនី​ត្រូវ​រៀបចំ​ឡើង​វិញ ដើម្បី​អោយទាន់​នឹង​ការ​រីក​លូតលាស់​របស់​ប្រទេស ។

ទោះជា​យ៉ាងណា​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​នូវ​ការ​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​កន្លង​ទៅ មាន​កាត់​ផ្ដាច់​ភ្លើង ឆ្លាស់គ្នា​ម្តង​នៅ​កន្លែង​នេះ ម្តង​នៅ​កន្លែង​នោះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ក៏​ប៉ុន្តែ ឥឡូវនេះ តាម​រយៈ​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល នៅ​ឆ្នាំ​ក្រោយ មិន​មានរឿង​ច្រំ​ដែល កើតឡើង​រឿង​កង្វះ​អគ្គិសនី​ទៀត​ទេ បើ​ទោះបីជា​វា​រី​អគ្គិសនី​ដើរ​មិន​បាន​(​អត់​ទឹក​) ក៏​យើង​មាន​អគ្គិសនី​ដែល​ដើរ​ដោយ​ធ្យូងថ្ម ហ្គា​ស និង​ប្រេងឥន្ធនៈ ដើម្បី​បំពេញ​ឲ្យ​ការ​ខ្វះខាត ៕