ខេត្តកណ្តាល៖ បុរសម្នាក់ បានធ្វើសកម្មភាពលួចចូលមុងចាប់រំលោភក្មេងស្រីម្នាក់ តែត្រូវនាងស្រែកហៅជីដូនឲ្យជួយ ធ្វើឲ្យជនសង្ស័យភិតភ័យរត់ចោលអាវ និងទូរស័ព្ទ។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តែត្រូវក្រុមគ្រួសារជនសង្ស័យ និងក្មេងស្រីរងគ្រោះ ធ្វើការសម្របសម្រួលគ្នា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីបញ្ចប់រឿង។

ក្មេងស្រីរងគ្រោះឈ្មោះ ច រ ស អាយុ៤ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុក នៅខេត្តកណ្តាល។ ជនសង្ស័យឈ្មោះលី វុត្ថា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះ បានទៅដេកនៅក្នុងមុងនៅសំយាបខាងមុខផ្ទះជាមួយជីដូនឈ្មោះអោក វ៉េតតែ ប៉ុន្តែជីដូនមិនទាន់ចូលដេកជាមួយទេ ។ ពេលនោះជីដូនបានឮសំទ្បេងចៅស្រែក(ក្មេងស្រីរងគ្រោះ) ក៏ស្ទុះរត់ទៅមើលចៅ ស្រាប់តែឃើញជនសង្ស័យកំពុងនៅក្នុងមុង ហើយស្ទុះរត់គេចខ្លួន ដោយបន្សល់នៅទូរស័ព្ទ១គ្រឿង និងអាវ១ ជារបស់ជនសង្ស័យ ។

លុះដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៤៣នាទីព្រឹក ទើបម្តាយ និងឪពុកជនរងគ្រោះ បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ដើម្បីឲ្យជួយធ្វើកិច្ចសន្យាបញ្ចប់រឿង ដោយភាគីសងខាងឯកភាពគ្នាសងលុយ២៥០ដុល្លារ ឲ្យទៅជនរងគ្រោះ ហើយមិនប្ដឹងផ្ដល់អ្វីឡើយ ។
តែយ៉ាងណា ករណីនេះអាចបញ្ចប់ត្រឹមសំណងរដ្ឋប្បវេណីប៉ុណ្ណោះ រីឯរឿងព្រហ្មទណ្ឌ ព្រះរាជអាជ្ញាជាដើមបណ្តឹង ដូចនេះ កម្លាំងសមត្ថកិច្ចត្រូវតែចាប់ជនសង្ស័យមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕