ភ្នំពេញ៖ ក្រោយពីមានករណីលោកស័ក្តិ៣ ហេង ហាប់ ដែលបន្លំចូលលួចយក iPad និងល្បីផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ ត្រូវបានដោះលែងវិញហើយ ក្រោមលេសថា មកពីច្រឡំ ! មក ស្រាប់តែពេលនេះ មានមន្រ្តីយោធាបាញ់កាំភ្លើងខ្លី៤គ្រាប់ក្នុងហាងរ៉ាអូខេ B-Gold ដោយគ្មានញញើតច្បាប់ ព្រមទាំងស្រែក៖ «អញឈ្មោះ អាសុច ! អាណាខ្លាំង ចេញមក អញបាញ់ឲ្យងាប់!!» បានចូលខ្លួនសារភាពថាមកពីខ្លួនវង្វេង ។ តែយ៉ាងណា ជនសង្ស័យជាមន្រ្តីយោធា អញឈ្មោះ អាសុច នេះ ត្រូវសមត្ថកិច្ចប៉េអឹមខេត្តកណ្ដាល បញ្ជូនទៅកាន់តុលាការខេត្ត នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះហើយ ។

ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ យោធា និងជាអង្គរក្សផ្ទាល់របស់មន្ត្រីអ្នកមានអំណាចម្នាក់នៅក្នុងខេត្តកណ្ដាល (សុំមិនបញ្ចេញឈ្មោះ)ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។

មុនពេលកើតហេតុ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០.៣០នាទី ជនសង្ស័យខាងលើបានជិះម៉ូតូc125ពណ៌ខ្មៅ សេរី២០១៩ ចូលផឹកស៊ីច្រៀងការ៉ាអូខេ នៅហាងB Gold បន្ទប់លេខ888, ជាមួយមិត្តភក្ត្រ ប្រុស២នាក់ទៀត មិនស្គាល់ឈ្មោះ។

បន្ទាប់មក ក៏មានឈ្លោះប្រកែកគ្នា ហើយគេឃើញជនសង្ស័យដើរ ចេញមកក្រៅហាងចាក់កែបម៉ូតូយកកាំភ្លើងខ្លីម៉ាកឡុក ពណ៌ខ្មៅ យកដើរចូលទៅបាញ់ក្នុងហាងចំនួន០៤គ្រាប់ ហើយផ្ទុះ០៣គ្រាប់ ហើយស្រែកថា អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់ រួចហើយជិះម៉ូតូតាមផ្លូវ១១៥ ទៅទិសខាងលិចរួចបាញ់ឡើងលើ០១គ្រាប់ទៀត ហើយ គេចខ្លួនបាត់ទៅ។

ប៉ុន្តែ ខ្មាន់កាំភ្លើងជាមន្ត្រីយោធានោះ បានចូលខ្លួនសារភាពនៅប៉េអឹមខេត្តកណ្ដាលហើយ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នេះ។
ការចូលខ្លួនសារភាពនេះ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជននៅតាមបណ្ដាញសង្គមហ្វេសប៊ុក និងបន្ទាប់ពីមានការសម្របសម្រួលរវាងមន្ត្រីអ្នកមានអំណាចជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចទើបខ្មាន់កាំភ្លើងរូបនេះបានចូលខ្លួនសារភាពនៅប៉េអឹមខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ខាងលើបានឆ្លើយសារភាពថា បន្ទាប់ពីជួបជុំមិត្តភក្រ័ផឹកស៊ីច្រៀងកំសាន្តលេងនៅការ៉ាអូខេប៊ីហ្គោល គឺរូបគេស្រវឹងយ៉ាងខ្លាំងរហូតដល់បាត់បង់ស្មារតីនិងមិនចងចាំអស់រឿងហេតុដែលបណ្តាលឲ្យមានការផ្ទុះអាវុធនោះទេ គ្រាន់តែចាំថា ខ្លួនមានទំនាស់ពាក្យសំដីជាមួយបុគ្គលិក ។
ក្រោយការសាកសួរ ជនសង្ស័យជាមន្រ្តីយោធា ឈ្មោះ សាន សុច នេះ ត្រូវសមត្ថកិច្ចប៉េអឹមខេត្តកណ្ដាល បញ្ជូនទៅកាន់តុលាការខេត្តហើយ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕