ភ្នំពេញ៖ ស្ត្រីមេម៉ាយកូន២ម្នាក់ បានតូចចិត្តជាមួយបងប្អូននៅឯស្រុកកំណើត មិនឲ្យយកប្ដីថ្មីស្រាប់តែគិតខ្លីលែងចង់រស់តទៅទៀត ក៏ធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះជួលរបស់ខ្លួន នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានគេប្រទះឃើញសព បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង១៥នាទីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះកែវ ស្នា អាយុ៣៣ឆ្នាំ ជាមេម៉ាយកូន២ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តតាកែវ។ ចំណែកបុរសជាគូស្នេហ៍ ដែលបងប្អូន មិនចង់ឲ្យរៀបការជាមួយ មានឈ្មោះមឿន រ៉ាវី អាយុ៣៣ឆ្នាំ មុខរបមេជាងសំណង់ ស្នាក់នៅផ្ទះជួលជាមួយគ្នា និងមានស្រុកកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។

បុរសជាគូស្នេហ៍របស់នារីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា គាត់និងនារីរងគ្រោះបានស្រលាញ់រួមរស់ជាមួយគ្នាក្នុងបន្ទាប់តែមួយទាំងមិនទាន់រៀបការជាង៥ខែ មកហើយ និងស្រឡាញ់គ្នាស្ទើរបាត់មុខមិនបាន តែក្រុមគ្រួសារខាងនាងមិនចិត្តនឹងរូបគាត់ទេ ហើយក៏មិនចង់ឲ្យនារីរងគ្រោះយកគាត់ធ្វើជាប្តីដែរ និងទំនងជាហេតុផលនេះហើយ ទើបធ្វើឲ្យនារីរងគ្រោះតូចចិត្តស្អិតទ្រូងរហូតគិតខ្លីចង.កសម្លាប់ខ្លួនតែម្តង ធ្វើឲ្យរូបគេរន្ធត់ចិត្តជាខ្លាំង និងបានរាយការណ៍ទៅសមត្ថកិច្ចសុំអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញខាងកោសល្យវិច័យ មកពិនិត្យសពនារីរងគ្រោះរួចរាល់ សមត្ថកិច្ចសន្និដ្ឋានថា នារីរងគ្រោះពិតជាស្លាប់ ដោយសារធ្វើអត្តឃាតចង.ក ប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ។ សពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕