រាជធានីភ្នំពេញ៖ បុរសបែកថ្នាំម្នាក់សង្ស័យលួចដុតផ្ទះដែលម្ចាស់ទុកចោលជាយូរមកហើយនោះ បណ្ដាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ ត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់បានភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅគល់ស្ពានអាកាស៥មករា ខាងកើតចំហៀងខាងត្បូង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះខាងលើមិនមានម្ចាស់នៅនោះទេ គឺទុកចោលជាយូរមកហើយ ហើយតែងតែងមានក្មេងពាលចូលមកជក់ថ្នាំញៀនជាញឹកញាប់ ស្រាប់តែមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន៤គ្រឿង ទើបអគ្គិភ័យរលត់ទៅវិញ មិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ គឺគ្រាន់តែខូចខាតពីដានបន្តិចបន្ទួចតែប៉ុណ្ណោះ ។
ក្នុងហេតុការណ៍ខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ញៀនថ្នាំ សង្ស័យជាអ្នកលួចដុត ហើយបាននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារដេប៉ូទី៣ ៕