ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ប្រើប្រាស់នូវពាក្យប្រមាថធ្ងន់ៗទៅលើសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវកម្លាំងសមត្ថកិច្ចចុះទៅចាប់ខ្លូនដល់ផ្ទះ តាមពាក្យបណ្ដឹងរបស់ពលរដ្ឋដែលគាំទ្រសម្តេច នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ។

ជនសង្ស័យដែលត្រូវបានកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ចុះទៅចាប់ខ្លួនដល់ផ្ទះនោះ ឈ្មោះ ស៊ូ យាន រស់នៅក្នុងភូមិឃុំខាងលើ។
លោកប៉ាន់ខែម ប៊ុនថន ដែលជាម្ចាស់បណ្ដឹង និងតំណាងប្រជាពលរដ្ឋទាំងអស់ដែលគាំទ្រសម្តេចហ៊ុន សែន បានបញ្ជាក់ថា លោកមិនសុខចិត្ត និងទទួលយកមិនបានឡើយ ចំពោះការប្រមាថរបស់បុគ្គលឈ្មោះ ស៊ូ យាន ដែលបានបង្ហោះសារប្រមាថសម្តេចហ៊ុន សែន នៅលើបណ្ដាញសង្គម Facebook ជាបន្ដបន្ទាប់។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអះអាងថា ការចាប់ខ្លួននេះក៏ធ្វើឡើងទៅ តាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយចោទប្រកាន់ពីបទ «ញុះញងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមរយៈគណនី Facebook ឈ្មោះ Su Yean កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩»។
ជនសង្ស័យត្រូវកម្លាំងនគរបាលជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕