កណ្តាល ៖ មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​ម្នាក់​ដេកពេទ្យ និង​នាយ​រង​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ម្នាក់ ត្រូវ​ឃាត់ខ្លួន​ទៅ​សាកសួរ ក្នុង​ជម្លោះ​ផឹកស៊ី ក្លែមសម្តី​រហូត​ក្លាយជា​ហិង្សា​ប្រតាយប្រតប់​គ្នា បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ហាង​មួយ ក្នុង​ក្រុង​តា​ខ្មៅ ។

ហេតុការណ៍​ហិង្សា​វាយតប់​គ្នា​ក្នុង​ហាង​ផឹកស៊ី​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២០ មេ​សា ២០១៩ នៅ​ចំណុច​ហាង​ជំនោ​ធម្មជាតិ​ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ គេ​ស្គាល់​ថា ជា​នាយ​រង​ប៉ុស្តិ៍​តា​ខ្មៅ មានឈ្មោះ ស៊ា​ង រិ​ទ្ធី អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។ ចំណែក​ជន​បង្ក ឈ្មោះ ខៀវ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ មានមុខ​របរ​នាយ​រង​ការិយាល័យ​ចរាចរណ៍​​ជើង​គោក ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ និង​ជន​បង្ក រួម​ជាមួយ​មិត្តភក្តិ​ចំនួន​៦​នាក់​ទៀត បាន​នាំ​គ្នា ទៅ​ផឹកស៊ី នៅ​ក្នុង​ហាង «​ជំនោ​ធម្មជាតិ​» លុះ​ពេល​ផឹក ABC អស់​ម្នាក់​ជិត​១០​កំប៉ុង ក៏​ស្រាប់តែ​ជន​រង​គ្រោះ និង​មិត្ត​ភ័​ក្រ​ម្នាក់​ឈ្មោះ ឆៃ យ៉ា បាន​ទាស់​ពាក្យ​សំដី​គ្នា​រឿង​ផឹក​តិច ផឹក​ច្រើន ពេល​នោះ​មិត្ត​ភ័​ក្រ​ម្នាក់ ក៏​បាន​ចាប់​ទាញ​ជន​រង​គ្រោះ​ចេញ​ទៅ​ក្រៅ​កញ្ចុះ ហើយ​ជន​បង្ក​ក៏​ចេញ​មក​តាម ហើយ​មក​ហាម​ជន​រង​គ្រោះ​កុំឱ្យ​ឈ្លោះប្រកែក​គ្នា​អី ខ្មាស់​គេ ។ ដោយសារ​តែ​អំណាច​ទឹក​ប្តូរ​និ​ស័​យ​ចូលខ្លួន លែង​ស្តាប់​គ្នា​បាន ក៏​ធ្វើ​ឱ្យ​ស្ថានការណ៍ កាន់តែ​ធ្ងន់​ៗ​ទៅ រហូត​ផ្ទុះ​ហិង្សា​ដាក់​គ្នា​ប្រតាយប្រតប់​គ្នា បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ត្រូវ​របួស​ត្រង់​លើ​ភ្នែក​ខាងឆ្វេង និង​ក្រោម​ភ្នែក​ខាងឆ្វេង ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ចំណែក​ជន​បង្ក ត្រូវ​បាន​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​ផង​ដែរ ។ ទោះជា​យ៉ាងណា អ្នក​សារព័ត៌មាន​យើង​នៅ​មិន​ទាន់​ដឹង​ថា តើ​ចំណាត់​យ៉ាងណា​នោះ​ទេ ចំពោះ​នគរបាល​ខេត្តកណ្តាល ឈ្លោះ​វាយ​គ្នា​បែប​នេះ ៕